ព័ត៌មានជាតិ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ស្នើរាជរដ្ឋាភិបាលកម្ពុជាបើក លំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាពមុនបោះឆ្នោត

ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។

ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ផ្នែកសិទ្ធិមនុស្សជាអន្តរជាតិ និងនៅក្នុងប្រទេស ដោយរួមទាំងការប្តេជ្ញាចិត្តដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយបានសុំឲ្យមានការធានាចំពោះការពារសិទ្ធិកម្មករ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចំពោះករណីនេះបានទេ។

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតថ្នាក់ជាតិគ្រោងធ្វើនៅជាងពាក់កណ្តាលឆ្នាំ២០២៣។ សព្វថ្ងៃនេះ មានការបង្កើតគណបក្សនយោបាយថ្មីៗជាច្រើន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ ៕

To Top