ព័ត៌មានជាតិ

មន្រ្តីទូតចិន បង្ហាញមោទនកភាព លើការកសាង បាន៥១% ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ-ភ្នំពេញ ទោះស្ថិតក្នុងដំណាក់កាល កូវីដ១៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១បានសម្តែងនូវមោទកភាពរបស់ខ្លួន ដោយបានឃើញយ៉ាងប្រត្យក្រ នូវដំណើរការនៃការរីកចម្រើនលើការកសាងផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហុន ដែលសម្រេចបាន៥១ភាគរយ ទោះស្ថិតក្នុងដំណាក់កាល រីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី។

លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា “ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺសម្រេចបាន៥១ភាគរយ ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្តី”។

មន្រ្តីទូតរូបនេះ បានបន្តទៀតថា “ផ្លូវនេះ មានចម្ងាយ១៩០ គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគរហូតដល់២ពាន់លានដុល្លារឯណោះ។” “ផ្លូវនេះ គឺជាផ្លូវល្បឿនលឿន ដំបូងគេ ក្នុងប្រទេសកម្ពុជា”។

ផ្លូវដែលផ្តើមបើកការដ្ឋានកសាង នៅ ទី២២ ខែមីនា ឆ្នាំ២០១៩ ត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌ កណ្តាល ចេញពីភ្នំពេញ នៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុង ទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន៕

To Top