ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ HUAWEI Technologies ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាលំដាប់ពិភពលោក

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ HUAWEI Technologies (Cambodia) Co., Ltd ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Yao Yuya អគ្គនាយកក្រុមហ៊ុន HUAWEI Technologies ប្រចាំនៅកម្ពុជា។

លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា គោលបំណងនៃការចុះ MOU នេះ គឺដើម្បីបង្កើន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ក្នុងវិស័យអប់រំ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមហ៊ុន HUAWEI Technologies ដែលនឹងផ្តល់នូវភាពកាន់តែងាយស្រួលផ្នែកបច្ចេកវិទ្យាទំនើប និងទាន់សម័យជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង តាមរយៈ៖
-ការធ្វើការរួមគ្នា ដើម្បីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជូនដល់បុគ្គលិក សាស្រ្តាចារ្យ ឱ្យមានសមត្ថភាពក្នុងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាពខ្ពស់
-ការផ្តល់ឱកាសជូនដល់និស្សិតចុះកម្មសិក្សា (Internship) និងឱកាសការងារនៅក្រុមហ៊ុន HUAWEI Technologies
-ការផ្តល់ឱកាសជូនដល់និស្សិតប៊ែលធី ចូលរួមកម្មវិធី “គ្រាប់ពូជដើម្បីអនាគត (Seeds for the Future)” ដែលរៀបចំឡើងដោយក្រុមហ៊ុន HUAWEI Technologies
-ការធ្វើការរួមគ្នា ដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)
-ការប្តេជ្ញាចិត្តខិតខំសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិរវាងភាគីទាំងពីរ។

លោកសាកលវិទ្យាធិការបានបន្ថែមថា បច្ចុប្បន្នពិភពលោកបានដើរដល់យុគសម័យបច្ចេកវិទ្យា (Digital Era) ដែលទាមទារឱ្យមនុស្សគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)។ ដូច្នេះតាមរយៈការចុះ MOU នេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និតឱ្យបានល្អប្រសើររវាងថ្នាក់ដឹកនាំ បុគ្គលិក និងសាស្ត្រាចារ្យ ធ្វើយ៉ាងណា ផ្តល់ឱកាសឱ្យសិស្ស-និស្សិតរបស់យើងបានសិក្សារៀនសូត្រនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត ដែលអាចធ្វើការប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

លោក Yao Yuya បានមានប្រសាសន៍ថា លោកពិតជាមានក្តីសប្បាយរីករាយណាស់ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងនាមក្រុមហ៊ុន HUAWEI Technologies លោកពិតជាមានក្តីរំភើបខ្លាំងណាស់ដែលមានឱកាសបានចូលរួមជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា លើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)។

ជាទីបញ្ចប់ លោក លី ណាវុឌ្ឍ និងលោក Dong Yuanpeng បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។

សូមបញ្ជាក់ថា កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៤៥ រួចហើយ រួមមាន ទី១-ប្រទេសអង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន៦ ទី៣-កាណាដា ចំនួន១ ទី៤-អូស្ត្រាលី ចំនួន១ ទី៥-សិង្ហបូរី ចំនួន២ ទី៦-ចិន ចំនួន១០ ទី៧-កូរ៉េ ចំនួន៥ ទី៨-ជប៉ុន ចំនួន៣ ទី៩-ម៉ាឡេស៊ី ចំនួន៧ ទី១០-ថៃ ចំនួន៤ និងឥណ្ឌូនេស៊ី ចំនួន១។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀតជាមួយ HUAWEI Technologies (Cambodia) Co., Ltd ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិទី៤៦ របស់ប៊ែលធី៕

To Top