ភ្នំពេញ ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ការទស្សនាការ ផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជា បានកើនឡើង ៦៥% កាលពីឆ្នាំមុន ដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេម ដែលមានអ្នកមើលច្រើន ជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា ។
អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិច អាជីព ដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធីបង្កើត Facebook Gaming ដើម្បីបង្កើតមាតិកា ផ្សាយបន្តផ្ទាល់ វីដេអូហ្គេម ភ្ជាប់និងចែករំលែក បទពិសោធន៍ ជាមួយនឹងអ្នកគាំទ្រ របស់ពួកគេ ឬដើម្បីបង្កើតអាជីវកម្ម របស់ពួកគេ។
គ្រាន់តែកាលពីខែមុន អ្នកទស្សនាវីដេអូហ្គេម បានចូលមើលជាង ៨,៥លានដង និងបានផ្ញើផ្កាយជាង ៤ លានផ្កាយ ដែលជាលក្ខណៈពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកបង្កើត វីដេអូហ្គេម អាចរកប្រាក់បានពីការផ្សាយ បន្តផ្ទាល់មាតិកា របស់ពួកគេ ។
អ្នកបង្កើតវីដេអូហ្គេម ដ៏មានប្រជាប្រិយភាព និងជាដៃគូហ្គេមម្នាក់ របស់ក្រុមហ៊ុន Facebook ដែលហៅថា Ream Angkor បានថ្លែងថា៖ “ការប្រើប្រាស់ឧបករណ៍ ចល័ត នៅកម្ពុជា មានចំនួនច្រើន ហើយ Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាស់ នៅទូទាំងប្រទេស សម្រាប់គោលបំណងផ្សេងៗគ្នា ។ ដោយសារហ្គេម និង កីឡាអេឡិចត្រូនិច គឺជានិន្នាការថ្មីមួយ Facebook Gaming អាចឱ្យអ្នកលេងហ្គេម ជាច្រើនរាប់ចាប់ពីអ្នកធម្មតា រហូតដល់អ្នកលេងអាជីព បង្ហាញទេព្យកោសល្យ របស់ពួកគេក្នុងការផ្សាយ បន្តផ្ទាល់ទៅកាន់ពិភពលោក ។ អ្នកបង្កើតកីឡាអេឡិចត្រូនិចផ្សេងទៀត ក៏អាចប្រើប្រាស់ Facebook ដើម្បីបង្កើតព្រឹត្តិការណ៍នានា សម្រាប់សហគមន៍ផងដែរ”។
កម្មវិធី Facebook Gaming ផ្តល់ជាមធ្យោបាយមួយ សម្រាប់មនុស្ស ក្នុងការស្វែងរក ទស្សនា លេង និងចែករំលែកមាតិកា ផ្ទាល់ខ្លួនទាំងអស់ របស់ពួកគេនៅទីកន្លែងតែមួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនបទពិសោធន៍ កាន់តែស៊ីជម្រៅអំពីមាតិកា Facebook Gaming និងរួមបញ្ចូលទាំងមុខងារពិសេសថ្មីៗ ដែលត្រូវបានបង្កើតឡើងយ៉ាង ពិសេសសម្រាប់អ្នកលេងហ្គេម ។
មុខងារពិសេសមួយចំនួន ក្នុងចំណៅមមុខងារពិសេស របស់កម្មវិធី Facebook Gaming រួមមានការស្វែង រកមាតិកាហ្គេមផ្ទាល់ខ្លួន ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបង្កើតហ្គេមដើម្បីទស្សនាការលេងហ្គេម ការជជែកជាមួយមិត្តភក្តិអំពីហ្គេម ដែលខ្លួនចូលចិត្ត និងការលេងហ្គេមជាមួយមិត្តភក្តិ និងគ្រួសារ។ កម្មវិធី Facebook Gaming តែឯកឯង ក៏អាចរកបានផងដែរនៅលើ Google Play និង iOS។
Ream Angor បានបន្ថែមថា៖ “Facebook មានឥទ្ធិពលយ៉ាងខ្លាំងលើកំណើនឧស្សាហកម្មកីឡាអេឡិចត្រូនិច នៅកម្ពុជា ។ ប្រជាជនកម្ពុជាគ្រប់រូប អាចចូលលេង Facebook បានយ៉ាងងាយស្រួល ។ ព្រឹត្តិការណ៍ជាច្រើន ត្រូវបានរៀបចំឡើងនៅលើទំព័រ Facebook របស់អ្នករៀបចំព្រឹត្តិការណ៍នីមួយៗ ហើយការគាំទ្រ តាមរយៈ Facebook ក៏គួរឱ្យអាស្ចារ្យផងដែរ ។ ការ ដែលអាចលេង ភ្ជាប់ និងបង្កើតហ្គេមបាន មានសារៈសំខាន់ យ៉ាងពិសេសនា ពេលបច្ចុប្បន្ន នៅពេលដែលយើងចាំបាច់ត្រូវនៅផ្ទះ និងរក្សាគម្លាតសុវត្ថិភាព ក្នុងគ្រាដែលមានការ រីករាលដាលជំងឺកូវីដ-១៩” ។
នៅទូទាំងពិភពលោក មនុស្សជាង ៧០០លាននាក់លេង ទស្សនា និងចែករំលេកហ្គេមនៅលើ Facebook រៀងរាល់ខែ ហើយជាង ៥៥% នៃអ្នកដែលមានគណនី Facebook លេងហ្គេមរៀងរាល់ខែ ។
លោក Michael Rose ប្រធានផ្នែកអ្នកបង្កើត ហ្គេមប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Facebook បានថ្លែងថា ៖ “តំបន់អាស៊ីអាគ្នេយ៍បានរីកលូតលាស់ក្លាយ ជាទីផ្សារមួយ ក្នុងចំណោមទីផ្សារ ដ៏មានប្រជាប្រិយភាពបំផុត សម្រាប់ Facebook Gaming ដែលត្រូវបានជំរុញមួយផ្នែកធំ ដោយសារប្រជាប្រិយភាព របស់វីដេអូហ្គេម និងអ្នកបង្កើតហ្គេមរបស់យើងក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Facebook គាំទ្រអ្នកបង្កើតហ្គេមជនជាតិកម្ពុជា ដើម្បីកសាងសហគមន៍ដ៏រឹងមាំមួយ និងបង្កើតទំនាក់ទំនងពោរពេញ ដោយអត្ថន័យជាមួយអ្នកគាំទ្រ របស់ពួកគេ ខណៈក្នុងពេលជាមួយគ្នានេះដែរ ផ្តល់ជូនមធ្យោបាយជាច្រើន សម្រាប់អ្នកបង្កើតហ្កេមទាំងនេះ ដើម្បីបង្កើតអាជីវកម្មដែលសាកសមបំផុតទៅនឹងមាតិកា និងអ្នកទស្សនារបស់ពួកគេ” ។
ប្រព័ន្ធអេកូអ្នកបង្កើតហ្គេមដ៏ជោគជ័យនេះ ក៏ទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ សម្រាប់អ្នកបង្កើតហ្គេម ក្នុងស្រុករបស់ក្រុមហ៊ុន Facebook ផងដែរ ដើម្បីជួយពួកគេឱ្យកសាងអាជីពមួយ និងរកប្រាក់ចំណូលសម្រាប់ជីវិតរស់នៅ ។
កម្មវិធីទាំងនេះរួមមានកម្មវិធី អ្នកបង្កើតហ្គេមដែលជាដៃគូ ដើម្បីជួយអ្នកបង្កើតហ្គេម ដែលត្រូវបានបង្កើតឡើងឱ្យកសាង និងធ្វើឱ្យសហគមន៍របស់ពួកគេ រីកចម្រើននៅលើផ្លែតហ្វមនេះ និងកម្មវិធី Level Up សម្រាប់ជំរុញអ្នកបង្កើតហ្គេម ។
Ream Angkor បានថ្លែងបន្តថា “សម្រាប់មនុស្សភាគច្រើន រួមទាំងខ្ញុំផង ការផ្សាយបន្តផ្ទាល់ហ្គេម បានចាប់ផ្តើមជាផ្នែកមួយ នៃចំណង់ចំណូលចិត្ត។ កាលខ្ញុំនៅក្មេង ខ្ញុំមិន ដែលប៉ងក្លាយជាអ្នកផ្សាយ បន្តផ្ទាល់ហ្គេម ឬអ្នកបង្កើតមាតិកាទេ ពេលខ្ញុំធំឡើង ប៉ុន្តែខ្ញុំចូលចិត្តវា និងបន្តធ្វើវា ពីព្រោះខ្ញុំស្រលាញ់ សហគមន៍នេះ និង មិត្តថ្មីទាំងអស់ ដែលខ្ញុំបានជួបតាមរយៈសកម្មភាពនេះ ។ អ្នកអាចក្លាយជាអ្នកផ្សាយបន្តផ្ទាល់ ហ្គេមពេញម៉ោងបាន ឬគ្រាន់តែលេង វាសម្រាប់ជាការកម្សាន្តក៏បាន” ៕