នយោបាយ

លោក សយ សុភាព ចោទសួរថាហេតុអ្វី បណ្ដោយឱ្យមានករណី ទាហានកាន់អាវុធ ទៅបង្រ្កាបលើពលរដ្ឋបែបនេះ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចោទជាសំណួរថា ហេតុអ្វីត្រូវយកទាហាន កាន់អាវុធ ទៅបង្រ្កាបពលរដ្ឋ លើករណីទំនាស់ដីធ្លី ដែលនេះបង្ហាញពីការអសមត្ថភាព របស់បុគ្គលជាអាជ្ញាធរ ក្នុងការដោះស្រាយ ទំនាស់។

លោក សយ សុភាព បានចោទសួរបែបនេះ ក្រោយពីមានករណីប្រជាពលរដ្ឋ ប្រមូលផ្ដុំគ្នាតវ៉ា ករណីទំនាស់ដីធ្លី រហូតឈានដល់ការបិទ ផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល និងបានបណ្ដាលឱ្យ ពលរដ្ឋម្នាក់ ត្រូវគ្រាប់កាំភ្លើង របស់យោធា១គ្រាប់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ មិថុនានេះ លោក សយ សុភាព បានលើកឡើងថា ” ហេតុអីត្រូវឱ្យ មានរឿងបែបនេះកើតមាន? សូមអាន និង ស្វែងយល់ប្រវត្តិសាស្ត្រពិត ឆ្នាំ១៩៦៧នៅស្រុកសំឡូត ខេត្តបាត់ដំបង និង ស្រាវជ្រាវឱ្យដល់ទីជម្រៅ។ ធ្លាប់បានឮថ្នាក់ដឹកនាំ មានប្រសាសន៍ថាមិនត្រូវ យកទាហានកាន់អាវុធទៅបង្រ្កាប ប្រជាពលរដ្ឋ លើករណីដីធ្លីទេ។ ម៉្យាង ពួកគាត់ជារាស្ត្រ។ នេះបង្ហាញពីអសមត្ថភាព របស់អជ្ញាធរ ក្នុងការដោះស្រាយ ទំនាស់។ ភាពកំសោយ របស់អាជ្ញាធរខេត្ត ហាក់បីដូចបើកដៃ ឱ្យគេវាយអ្នកដឹកនាំ”៕

To Top
×