ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួម គិត បង្កើតថ្មី ស្ដារឡើងវិញប្រព័ន្ធ អេកូឡូស៊ី និង អភិរក្សជីវៈចម្រុះ

ភ្នំពេញ ៖ ក្នុងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាតំណាងក្រសួង បរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម គិត បង្កើតថ្មី និងស្ដារឡើងវិញ ប្រព័ន្ធអេកូឡូស៊ី ព្រមទាំង អភិរក្សជីវៈចម្រុះ នៅកម្ពុជា។

តាមរយៈវិដេអូ ជិត៦នាទី លោក នេត្រ ភក្រ្តា ថ្លែងក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២១ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ថា ឆ្នាំ២០២១ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ការប្ដេជ្ញាចិត្ត របស់ប្រជាជាតិនានា ក្នុងការពារ និងអភិរក្ស ធនធានធម្មជាតិ ដូចជា ស្ដារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី។ ដោយឡែក ក្នុងគោលបំណងសំខា ន់សម្រាប់ ឆ្នាំ២០២០-២០៣០ គឺដើម្បីពង្រីញ ទ្រុងទ្រាយធំ នៃការស្ដារប្រព័ន្ធ អេកូឡូស៊ី ដែលត្រូវបានបំផ្លិតបំផ្លាញ និងដើម្បីប្រឆាំងទៅនឹងវិបត្តិប្រែប្រួល អាកាសធាតុ និងបង្កើនសន្ដិសុខស្បៀង តាមរយៈការផ្គត់ផ្គង់ទឹក និងអភិរក្ស ជីវៈចម្រុះ។

លោក បានបញ្ជាក់ថា «ដើម្បីចូលអបអរសាទរ ទិវាបរិស្ថានពិភពលោក និងទិវាបរិស្ថានជាតិ ៥ មិថុនា ឆ្នាំ២០២១នេះ ក្នុងនាម ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួម គិត បង្កើតថ្មី និងស្ដារឡើងវិញនូវប្រព័ ន្ធអេកូឡូស៊ី និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជាមាន»។

លោក បន្ដថា កម្ពុជាត្រូវបានពិភពលោក ទទួលស្គាល់ថា ជាប្រទេសសំបូរ ទៅដោយជីវៈចម្រុះ និងជាប្រទេសដែលបាន លើកតំកើនកិច្ចការពារ និងអភិរក្ស ធ នធានធម្មជាតិ និងជីវៈចម្រុះ ក្នុងនោះ កម្ពុជាមានតំបន់ការពារធម្មជាតិ និង របៀង ជីវៈចម្រុះ ជាង៧០កន្លែង មានផ្ទៃដីសរុប ៧លាន៣ សែនហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជា។

លោក ក៏បានបញ្ជាក់ទៀតថា «យើងមិនអាចផ្លាស់ប្ដូរពេលវេលាបានទេ ប៉ុន្ដែយើងអាចចូលរួម ការពារ និងអភិរក្សធន ធានធម្មជាតិ ដ៏ដូចជា ជីវៈចម្រុះរបស់យើងបាន តាមរយៈការចូលរួម ដាំដើមឈើ ធ្វើឲ្យទីក្រុងរបស់យើង មានភាពបៃតង ផ្លាស់ប្ដូរទំម្លាប់របស់យើងចំពោះបរិស្ថាន ចូលរួមសំអាតអនាម័យបរិស្ថាន និងការពារ អភិរក្សជីវៈចម្រុះ ដែលយើងមាន»។

ជាងនេះទៅទៀត លោក នេត្រ ភក្រ្តា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការពារ និងអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះ ព្រោះថា ជីវិតមនុស្សមិន អាចកាត់ផ្ដាច់ចេញបាន ពីធម្មជាតិ ជីវៈចម្រុះបានឡើយ។ លោកថា ប្រសិនបើធម្ម ជាតិ បាត់បង់ អនាគតមនុស្សជាតិ និងមិនឋិតថេរ ដូច្នេះ ប្រជាពលរដ្ឋត្រូវ ទទួលស្គាល់ចំណងទំនាក់ទំងនរវាង គុណភាពធម្មជាតិ និងសុខភាព និងសុខុមាភាព មនុស្សជាតិ ហើយត្រូវរួមចំណែក ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ៗប្រភេទនៅកម្ពុជា ឲ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត និងសម្រាប់ផលប្រយោជន៍ សុខភាពមនុស្សទាំងអស់គ្នា ៕

To Top