ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ប្រជុំផ្សព្វផ្សាយ ផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារ គណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្ស ប្រជាជនខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រី បានផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្ស ប្រជាជនទូទាំង ខេត្តស្វាយរៀងទាំងអស់ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេង គណបក្សមួយសន្លឹក និងនៅតែបន្ត គោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។ ទន្ទឹមនឹងនោះផងដែរយើង ត្រូវយកចិត្តទុកដាក់ទៅលើយុវជន ហើយក៏ត្រូវតែនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិក បក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់ នាពេលខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ លោកស្រីក៏បានអំពាវនាវ ដល់សមាជិក សមាជិការទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និង វិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបានទទួល ការវ៉ាក់សាំងរួចរាល់ ហើយផងដែរ ស្របពេលដែលបច្ចុប្បន្ននេះកម្ពុជា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ រកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ០៣នាក់ នូវប្រភេទថ្មី B.1.617 ដែលជាប្រភេទវីរ៉ុសដែលចម្លងលឿន និងមានភាពស្រួចស្រាវនិងគ្រោះថ្នាក់បំផុត ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបានថ្លែងកោត សរសើរ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ប្រជាជនទូទាំងខេត្តស្វាយរៀង សម្រេចបាន ទាំងការដោះ ស្រាយបញ្ហា បំពេញតម្រូវការ និង ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែ ល្អបន្ថែមទៀត ដើម្បីប្រមូលយកសមាណចិត្ត ប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ ពេញចិត្តពេញថ្លើម ជូនគណបក្សប្រជាជន ។ ជាពិសេស ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បានចូលរួមប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ ១៩ រួមជាមួយនឹងការយកចិត្តទុក្ខដាក់ លើការផ្ញត់ផ្គង់ស្បៀង ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

សូមជម្រាបថា ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។ យោងតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការផ្ដល់អំណាច ទៅដល់មូលដ្ឋានក្នុងការជ្រើស រើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីការអភិវឌ្ឍ នៅក្នុងមូលដ្ឋានដោយផ្ទាល់ ៕

To Top
×