ព័ត៌មានជាតិ

លោក សយ សុភាព ចោទសួរថា តើសាលារាជធានីភ្នំពេញ ទៅមុខឬដកថយ ខណៈវៀតណាម ប្រតិកម្ម ចំពោះការបញ្ជា ឲ្យរុះរើផ្ទះបណ្ដែតទឹក

ភំ្នពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចោទសួរថា តើសាលារាជធានីភ្នំពេញ ទៅមុខ ដកថយ ឬនៅទ្រឹង ក្រោយពីវៀតណាមប្រតិកម្មយ៉ាងខ្លាំង ករណីរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល ១សប្ដាហ៍ ដើម្បីរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើទន្លេចេញឲ្យអស់ ។

យោងតាមការចេញផ្សាយ វិទ្យុបារាំង បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានបញ្ចេញ ប្រតិកម្ម ចំពោះវិធានការ របស់រដ្ឋាភិបាល កម្ពុជា ដែលដាក់កំហិត ឲ្យប្រជាជនវៀតណាម និងជនជាតិ ខ្មែរឥស្លាម ចាកចេញពីផ្ទៃទឹក នៅទីក្រុងភ្នំពេញ ឲ្យអស់ ក្នុងរយៈពេល១សប្តាហ៍ ។ ប៉ុន្តែតំណាងទូត វៀតណាម ដែលជិតផុតអាណត្តិ បានអះអាងថា នេះគឺជាការសម្រេចចិត្តភ្លាមៗ ហើយធ្វើឲ្យស្ថានភាព របស់ប្រជាជន នៅលើភូមិអណ្តែត មានការលំបាក យ៉ាងខ្លាំង ជាពិសេសនៅ ក្នុងបរិបទកូវីដ១៩ ។

ភ្លាមៗនោះ លោក សយ សុភាព បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២១ ថា “តើយល់យ៉ាងម៉េច? ទៅមុខ ដកថយ ឬ នៅទ្រឹង? បើធ្វើមិនបាន អាជ្ញាធរក្រុងភ្នំពេញអន់ តែបើនៅតែបន្តធ្វើ អង្គការក្រៅរដ្ឋាភិបាលស្រែក ថា រំលោភសិទ្ធិមនុស្ស ជាពិសេស មិត្តអន់ចិត្ត” ។

លោក សយ សុភាព ចោទសួរបន្ដថា “សំខាន់តើសាលាក្រុងភ្នំពេញហ៊ាន ឬ មិនហ៊ាន? កុំប្រើពាក្យថា ពន្យារពេលដោយមានសំណូមពរ” ។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២១ ថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាង រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ៕

To Top