ព័ត៌មានជាតិ

លោក ជិន ម៉ាលីន៖ អង្គការ ២០ ទាមទារឲ្យដោះលែង អ្នកទោសមនសិកាមិនសមស្រប និងខុសនីតិវិធី (Video)

ភ្នំពេញ៖ អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ នៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ រួមគ្នាមួយដើម្បីទាមទារ និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺមិនសមស្របដោយខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ ។ នេះបើយោងតាមហ្វេសប៊ុក របស់លោកកាលពីថ្ងៃ៦ មិថុនា។

លោកថា ការទាមទារខុសនីតិវិធីនោះ ដោយសារមូលហេតុ៥យ៉ាង ៖

១.ផ្អែកតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍ នៃការបែងចែកអំណាចក្នុង សង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែង អ្នកជាប់ឃុំដែលស្ថិតក្រោម សមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គល ឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការ ដែលជាស្ថាប័នឯករាជ្យបាននោះដែរ ។

២.នៅកម្ពុជា មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការដូចការ លើកឡើងរបស់អង្គការទាំង ២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោស ដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

៣.ការអំពាវនាវឲ្យដោះលែងអ្នកទោស របស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។

៤.ចំណែកឯការដោះលែងអ្នកជាប់ឃុំ តាមការអំពាវនាវរបស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយបញ្ហានៃការឆ្លងកូវវីដ-១៩ក្នុងពន្ធនាគារ ក៏មិនមែនជាវិធានការសមស្រប និងមានប្រសិទ្ធភាពនោះដែរ តែផ្ទុយទៅវិញ មានតែវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃការគ្រប់គ្រង ពន្ធនាគារឲ្យបានហ្មត់ចត់ទេ ទើបជាវិធានការសមស្រប និងអាចធានាបាននូវសន្តិសុខសង្គម និងប្រសិទ្ធភាពនៃទប់ស្កាត់ការ ឆ្លងរាលដាលកូវវីដ-១៩នេះក្នុងពន្ធនាគារ។

៥.ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់ និងមានចរិតជានយោបាយបែបនេះ មិនអាចជួយការពារដល់អ្នក ជាប់ឃុំទាំងអស់នោះបានទេ ផ្ទុយទៅវិញ មានតែការចូលរួមក្នុងដំណើរការ នីតិរបស់តុលាការទេ ។

To Top