ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា អគ្គនាយក ប.ស.ស. ចូលរួមប្រជុំពិភាក្សា “ការធ្វើបច្ចុប្បន្នភាព លើវឌ្ឍនភាព ការងារ និងផែនការ ការងារបន្ត រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយអង្គការ អន្តរជាតិ ខាងការងារ (ILO)”

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃចន្ទ ទី០៧ខែមិថុនា ឆ្នាំ២០២១នេះ លោក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការអន្តរជាតិ ខាងការងារ (ILO) ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ នៅតែផ្តល់ការជួយជ្រោមជ្រែងគាំទ្រ ដល់ ប.ស.ស. ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ទៅលើផ្នែកធនធានមនុស្ស រួមទាំងផ្នែកហិរញ្ញវត្ថុ ជាដើមផងដែរ ដែលបង្ហាញឱ្យឃើញ អំពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. ជាមួយនឹងអង្គការអន្តរជាតិ ខាងការងារ (ILO) កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការបំពេញការងារ ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងជោគជ័យបន្ថែមទៀត នាពេលខាងមុខ។

លោក ប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងឡើងផងដែរថា កិច្ចប្រជុំនាព្រឹកនេះ គឺជាកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលផ្តោតទៅលើចំណុចមួយចំនួន រួមមានជាអាទ៍៖

១). គម្រោងស្តីពី ការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស.

២). ការសិក្សាស្រាវជ្រាវអំពី “អនុលោមភាព នៃច្បាប់ស្តីពី របបសន្តិសុខសង្គម”

៣). ការគាំទ្រលើយុទ្ធនាការ ផ្សព្វផ្សាយអំពីរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត

៤). វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំ នៃអភិបាលកិច្ចល្អ របស់សមាគមសន្តិសុខ សង្គមអន្តរជាតិ (ISSA) 

៥). ការគាំទ្រ សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងផ្នែកវិនិយោគមូលនិធិ សន្តិសុខសង្គមនៃ ប.ស.ស.

៦). ការធ្វើបទបង្ហាញស្តីពី “ផែនការលម្អិតផ្នែកអភិវឌ្ឍន៍ ករណីប្រតិបត្តិការ នៃគម្រោងទំនើបភាវូបនីយកម្ម” 

៧). ការអនុវត្តគម្រោងទំនើប ភាវូបនីយកម្មដំណាក់កាលទី២

លោកប្រត្តិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់អំពីគ្នា ឱ្យកាន់តែស៊ីជម្រៅទៅលើ កិច្ចសហប្រតិបត្តិការរវាង ប.ស.ស. ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) ដែលកន្លងមក ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បានបំពេញការងារ ជាមួយគ្នាយ៉ាងច្រើន ទៅលើវិស័យគាំពារ សង្គមកម្ពុជា ក៏ដូចជារបបសន្តិសុខសង្គមផងដែរ ដោយទទួលបានលទ្ធផលល្អ យ៉ាងគាប់ប្រសើរ ឆ្លើយតបទៅនឹង គោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាការងារខាងលើ ត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ នៃ ប.ស.ស. រួមទាំងថ្នាក់ដឹកនាំរបស់អង្គការ អន្តរជាតិខាងការងារ (ILO) សរុបប្រមាណជាង ១០នាក់៕

To Top