នយោបាយ

លោក គិន ភា ចោទសួរថា តើថវិកាលក់ប័ណ្ណនាឡិកា សម រង្ស៊ី ប្រើប្រាស់ចំគោលដៅឬទេ?

ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា តើថវិកាលក់ប័ណ្ណនាឡិកា របស់លោក សម រង្ស៊ី ប្រើប្រាស់ចំគោលដៅឬទេ? ព្រោះថា នាពេលកន្លងមក មូលនិធិជាច្រើនត្រូវបាន សម រង្ស៊ី ចាយវាយគ្មានប្រសិទ្ធភាព ។

ការលើកឡើងរបស់ លោក គិន ភា ក្រោយពីលោក សម រង្ស៊ី ប្រកាសបិទបញ្ចប់ យុទ្ធនាការលក់ប័ណ្ណនាឡិកា ដោយប្រមូលថវិកា ជាង២០ម៉ឺនដុល្លារ។

លោក គិន ភា ថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ថា ថវិកាលក់ប័ណ្ណនាឡិកា របស់ លោក សម រង្ស៊ី ទទួលបានជាង២០ម៉ឺនដុល្លារនោះ តើតួលេខជាក់លាក់ឬយ៉ាងណា? ព្រោះថា គ្មានយុទ្ធការត្រួតពិនិត្យ តើតម្លាភាពប៉ុណ្ណា?

លោកបន្ដថា បើសិន លោកសម រង្ស៊ី គាត់ចង់ដំឡើងតួលេខលុយហ្នឹង គឺមានន័យថា គាត់ចង់បង្ហាញ ប្រជាប្រិយភាពខ្លួនគាត់ថា មានប្រជាពលរដ្ឋចូលរួមច្រើន ដូច្នេះគាត់គ្មានភាពស្មោះត្រង់ ជាមួយអ្នកគាំទ្រ នៅក្នុងយុទ្ធនាការ លក់ប័ណ្ណនាឡិកា។

លោកបញ្ជាក់ថា «ក៏ប៉ុន្ដែសួរថា តើលុយរបស់គាត់ដែលទទួលបានហ្នឹង (ទទួលបានពីលក់ប័ណ្ណនាឡិកា) យកទៅប្រើប្រាស់ចំគោលដៅឬទេ? បានត្រឹមត្រូវទេ គឺយើងមានការសង្ស័យ ពីព្រោះកន្លងមកយើង បានដឹងហើយថា មូលនិធិជាច្រើនដែល សម រង្ស៊ី គាត់បានប្រមូលហ្នឹង គឺយើងអត់បានឃើញថា គាត់ចាយវាយយ៉ាងម៉េច? ហើយបានប្រើប្រាស់ទៅ តាមគោលបំណងដើម នៃមូលនិធិនឹងឬអត់ទេ?»។

លោក គិន ភា ក៏លើកឧទាហរណ៍ថា មូនិធិទូរស្សន៍ព្រះអាទិត្យ ប្រមូលលុយបានយ៉ាងច្រើន ហើយរហូតមកដល់នេះ ប្រជាពលរដ្ឋអ្នកដែលចូលលុយ ក៏មិនបានដឹងថា ចាយទៅលើអ្វីខ្លះដែរ? ។ដូច្នេះ ថវិកាជាង២០ម៉ឺនដុល្លារ នោះ ប្រើប្រាស់ចំគោលដៅឬអត់ ។

លោក បន្ថែមថា នាពេលកន្លងមក លោក សម រង្ស៊ី ក៏បានបាត់បង់ជំនឿពីប្រជាពលរដ្ឋ ហើយលោក ក៏បាត់បង់បន្ថែមទៀត ដោយសារ ក្នុងមន្ដ្រីអតីតគណបក្ស របស់គាត់ មានការវាយប្រហារគ្នាទៅវិញ ទៅមក។

សូមរំលឹកថា លោក សម រង្ស៊ី បានអះអាង លោកនឹងយកថវិកា ប្រមូលបានពីការលក់ប័ណ្ណនាឡិកា ជាង២០ម៉ឺនដុល្លារនោះ ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដោយនឹងចែកជូនពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងវិបត្តិកូវីដ១៩ គ្រប់ៗគ្នាតាមការកំណត់៕

To Top