ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ទូតអាមេរិកថា រាជរដ្ឋាភិបាលកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍ និងផលប៉ះពាល់ បរិស្ថាន (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីការអភិវឌ្ឍ និងផលប៉ះពាល់ ទៅលើបញ្ហាបរិស្ថាន។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសម្ដេច ស ខេង មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា​​ តែងតែគិតគូ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថ្លឹងថ្លែងអំពី ការអភិវឌ្ឍ និងផលប៉ះពាល់ ទៅលើបញ្ហាបរិស្ថាន»។

សម្ដេច បានបញ្ជាក់ថា នាពេលកន្លងមក ក្នុងនាមសម្ដេចផ្ទាល់ តែងតែផ្ដល់ការលើកទឹកចិត្ត ដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឱ្យបន្ដកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរ ជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការធ្វើយ៉ាងណា ខិតខំរួមគ្នាដោះស្រាយ នូវបញ្ហាប្រឈម ដើម្បីបម្រើ ដល់ផលប្រយោជន៍រួម។

សម្ដេច ក៏បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរមូលដ្ឋានតែងតែ ចាត់ទុកអ្នកធ្វើការពាក់ព័ន្ធ ក្នុងវិស័យបរិស្ថាននេះ ជាដៃគូ ហើយតែងតែលើកទឹកចិត្ត ជំរុញឱ្យអ្នកធ្វើការ ក្នុងវិស័យទាំងអស់ ឲ្យចាត់ទុកអាជ្ញាធរមូលដ្ឋាន ក៏ដូចជា រាជរដ្ឋាភិបាល ជាដៃគូរទៅវិញទៅមក ដែលធ្វើការរួមជាមួយគ្នា ដើម្បីដោះស្រាយ បញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា កន្លងមក ក៏មានសកម្មភាពមួយចំនួន ដែលបានឡើង ក្រោមហេតុផល របស់សកម្មភាព ការពារបរិស្ថាននេះ ប៉ុន្ដែក្នុងចេតនាបង្ក ឱ្យមានអសន្ដិសុខ ក៏ដូចជា ប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ ហើយសកម្មភាពទាំងនោះ គឺអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែមានវិធានការ សមស្របតាមច្បាប់។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ ទៅលើវិស័យបរិស្ថាននេះផងដែរ លោក W. Patrick Murphy ក៏បានលើកឡើងថា បច្ចុប្បន្ននេះ អាមេរិកមានគម្រោងមួយចំនួន ពាក់ព័ន្ធទៅនឹង ការងារបរិស្ថាននេះ កំពុងតែដំណើរការ នៅកម្ពុជា ក្រោមការជួយគាំទ្រ ពីសហរដ្ឋអាមេរិក ហើយលោក រំពឹងថា វឌ្ឍនភាព នឹងបន្ដរីកចម្រើន ទៅលើការងារទាំងនោះ ដែលពាក់ព័ន្ធ ទៅលើវិស័យបរិស្ថាន។

ជាការឆ្លើយតប សម្ដេច ស ខេង ក៏បានលើកឡើងថា នេះជាឱកាសមួយ ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ មួយផ្នែកទៀត ក្រៅពីការងារពង្រឹង កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ ហើយភាគីទាំងពីរ អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់កិច្ចប្រតិបត្តិការ ជាមួយគ្នា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top