នយោបាយ

វិភាគ ៖ អាស៊ានសម្លឹង ឃើញជំនួយពីចិន ក្នុងដំណោះស្រាយ វិបត្តិនយោបាយ នៅមីយ៉ានម៉ា

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) បានស្នើអោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយក្នុងវិបត្តិ នយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយ អស់រយៈពេលជាង ៤ខែកន្លងមកហើយ ។

សំណើជំនួយពីប្រទេសចិន របស់អាស៊ាន ត្រូវបានធ្វើឡើង ក្នុងជំនួបប្រជុំអាស៊ាន-ចិន កាលពីថ្ងៃចន្ទ ទី៧ ខែ មិថុនានេះ ដោយអាស៊ាន បានស្នើចិន អោយជួយដាក់សម្ពាធ លើមេដឹកនាំរបស់របបសឹក មីយ៉ានម៉ា អោយគោរពតាមកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ចំណុច (កិច្ចព្រមព្រៀងមូលមតិគ្នា) ក្នុងកិច្ចប្រជុំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ ។

សំណើរបស់អាស៊ាននេះ ក៏ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំ របស់របបសឹកមីយ៉ានម៉ា បានទទួលបរាជ័យទាំងស្រុង ក្នុងការអនុវត្តន៍ តាមកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ចំណុច ដែលបានចុះហត្ថលេខារួចហើយ ដោយភាគីមីយ៉ានម៉ា មិនបានអនុវត្តកិច្ចព្រមព្រៀង សូម្បី១ចំណុច ទៅតាមអ្វីដែលខ្លួនបានសន្យា ។
រដ្ឋមន្ត្រីការបរទេស របស់ប្រទេសម៉ាឡេស៊ី បាននិយាយ ថា អាស៊ាននៅតែមានសង្ឃឹម ក្នុងការស្វែងរកដំណោះស្រាយ ក្នុងវិបត្តិនយោបាយនៅ សហភាពមីយ៉ានម៉ា តាមរយៈកិច្ចព្រមព្រៀងកុងសង់ស៊ីស ទាំង៥ចំណុច ដែលអាស៊ាន និងមេដឹកនាំរបស់របបសឹកមីយ៉ានម៉ា បានចុះហត្ថលេខារួចហើយ ប៉ុន្តែរបបសឹកមីយ៉ានម៉ាអនុវត្តមិនបាន ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាស៊ាន និងមីយ៉ានម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរួមមាន

ទី១ អាស៊ាននឹងបង្កើត អោយមានប្រេសិតពិសេស ទទួលបន្ទុកកិច្ចការ នៅសហភាពយ៉ានម៉ា

ទី២ ប្រេសិតពិសេសអាស៊ាន នឹងជួបសន្ទនាជាមួយភាគីជម្លោះ នៅមីយ៉ាន ក្នុងការស្វែងរកដំណោះស្រាយ វិបត្តិនយោបាយ នៅនៅក្នុងប្រទេសនេះ ។

ទី៣ ភាគីជម្លោះនៅមីយ៉ានម៉ា ជាពិសេសភាគី ខាងរបបសឹក ត្រូវបញ្ចប់អំពើហិង្សាទាំង ស្រុង ដែលជាឱកាសល្អ ក្នុងការបើកផ្លូវអោយក្រុមប្រេសិត អាស៊ាន ចូលទៅកាន់ប្រទេសនេះ ក្នុងគោលដៅសម្របសម្រួល អោយមានកិច្ចសន្ទនា រវាងភាគីជម្លោះ ដែលជាមធ្យោបាយតែមួយគត់ ក្នុងការបញ្ចប់វិបត្តិ នយោបាយ នៅក្នុងប្រទេសនេះ ។

ទី៤ ប្រមុខដឹកនាំរបស់របបសឹក ត្រូវបើកផ្លូវអោយជំនួយអន្តរជាតិ ចូលទៅជួយប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ ខណៈដែលប្រជាពលរដ្ឋប្រមាណ ជាង៣លាន ៤សែននាក់ កំពុងជួបប្រទះគ្រោះអត់ឃ្លាន និងមិនមានអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ ដោយប្រជាពលរដ្ឋខ្លះ បានទទួលទានអាហារ តែមួយពេល ក្នុងមួយថ្ងៃ ។

ទី៥ មេដឹកនាំរបស់របបសឹក និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារ ផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នឹងជួបចរចាគ្នាដោយផ្ទាល់ តាមរយៈការសម្របសម្រួល ពីប្រេសិត ពិសេសអាស៊ាន ឬប្រមុខដឹកនាំភាគីទាំងពីរ អាចជួបសន្ទនា ដោយផ្ទាល់ដើម្បីទម្លុះទម្លាយភាព ទ័លច្រកខាងនយោបាយ ។

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសសិង្ហបុរី Vivian Balakrishman បាននិយាយថា ចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់សម្ពាធ លើភាគីជម្លោះនៅសហភាពមីយ៉ានម៉ា អោយអនុវត្តតាមកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ចំណុច ដែលបានចុះហត្ថលេខារួចហើយ ប៉ុន្តែភាគីជម្លោះមីយ៉ានម៉ា មិនព្រមអនុវត្តតាម ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីដដែល បានបន្តថា សម្ពាធរបស់ប្រទេសចិន ខាងការទូត នយោបាយ និង សេដ្ឋកិច្ច អាចនឹងមានទម្ងន់ គ្រប់គ្រាន់ លើភាគីជម្លោះនៅសហភាពមីយ៉ានម៉ា ជាពិសេសគឺទៅលើប្រមុខ ដឹកនាំរបស់របបសឹក ដែលជាការបង្ខំ អោយរបបសឹកអនុវត្ត តាមកិច្ចព្រមព្រៀង ដែលត្រូវបានត្រួសត្រាយរួចហើយ ។

សូមបញ្ជាក់ជូនថា សំណើរបស់អាស៊ាន អោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយ ក្នុងវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា គឺជាក្តីសង្ឃឹមចុងក្រោយ ដែលអាចបញ្ចប់វិបត្តិ នៅក្នុងប្រទេសជាសមាជិក អាស៊ាននេះបាន ។

ដើមចមនាំអោយកើតរឿង

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសឥណ្ឌូនេស៊ី Retno Marsudi បាននិយាយថា ដើមចមដែលនាំអោយភាគី ជម្លោះនៅសហភាពមីយ៉ានម៉ា ជាពិសេសគឺរបបសឹក បានទទួលបរាជ័យ ក្នុងការអនុវត្តន៍តាមកិច្ចព្រមព្រៀង ទាំង៥ចំណុច គឺដោយសារកត្តា ២យ៉ាងសំខាន់ ដែលកើតឡើង នៅសហភាពមីយ៉ានម៉ាផ្ទាល់ ។

កត្តាទី១ គឺអំពើហិង្សា ដោយអាស៊ាន បានទាមទារអោយប្រមុខដឹកនាំ របបសឹកមីយ៉ានម៉ា បញ្ចប់អំពើហិង្សាជាមុនសិន ទើបការអនុវត្តន៍ទៅ តាមកិច្ចព្រមព្រៀងអាចប្រព្រឹត្តទៅបាន ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃទី២៤ ខែមេសា ក្រោយកិច្ចប្រជុំដែលផ្តួចផ្តើមឡើង ដោយអាស៊ាន ភាគីជម្លោះនៅមីយ៉ានម៉ានៅតែបន្តអំពើហិង្សាដដែល ។

កត្តាទី២ គឺជំហរ របស់ភាគីជម្លោះ ដែលរហូតដល់ពេលបច្ចុប្បន្ននេះ ភាគីជម្លោះទាំងខាងប្រមុខដឹកនាំ អតីតរដ្ឋាភិបាលស៊ីវិល និងទាំងខាងប្រមុខ ដឹកនាំរបបសឹក នៅតែប្រកាន់តឹងទៅតាមការប្តេជ្ញាចិត្ត របស់ខ្លួន ដោយក្រុមបាតុករនៅតែបន្តចេញធ្វើបាតុកម្ម និងកងកម្លាំងយោធា នៅតែបន្តបង្ក្រាបដដែល ។

ក្រុមបាតុករ បានទាមទារអោយរបបសឹកកដោះលែងលោកស្រី អ៊ុងសា ស៊ូជី និងមេដកនាំសំខាន់ៗ ជាច្រើនរូបទៀត ដែលត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារ ប៉ុន្តែរបបសឹក នៅតែរក្សាជំហរ មិនដោះលែងមេដឹកនាំ រដ្ឋាភិបាលស៊ីវិលទេ ដោយអនុវត្តតាមការ ដាក់ប្រទេសក្នុងគ្រា អាសន្នរយៈពេល១ឆ្នាំ ៕

ដោយ ៖ អ៊ី ជិន

To Top