ព័ត៌មានជាតិ

ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានយកទៅរក្សាទុក ក្នុងសារមន្ទីរវិមាននយោបាយ ឈ្នះ-ឈ្នះ

ភ្នំពេញ ៖ កែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា បានដង្ហែយកទៅតម្កល់ទុក ក្នុងសារមន្ទីរវិមាននយោបាយ ឈ្នះ-ឈ្នះ ហើយ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់-ទទួលកែវ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងការពារជាតិ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធមួយចំនួន។

ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យនៃវិស័យប្រេងកាតរបស់កម្ពុជាដែរ។ នេះជាសមិទ្ធផលថ្មីក្រោមម្លប់នៃសន្តិ ភាពពេញលេញកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

កែវដំណក់ប្រេងដែលយកមកតម្ដល់ ក្នុងវិមាននយោបាយឈ្នះ- ឈ្នះ នៅពេលនេះ ត្រូវបានរៀបចំតាមរចនាបទខ្មែរ និងមានអត្ថន័យសំខាន់ៗ ដូចជា ៖

ទី១-កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យ ភាពរុងរឿង បរិសុទ្ធ ការចម្រើន លូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី២-ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបាន ដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី៣-ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍន៍សង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាត មានកម្ពស់ ២០ សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេង ដំបូងរបស់កម្ពុជា។

ទី៤-ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យ តេជៈ ភាពចម្រុងចម្រើន ស្បូរសប្បាយ និងតំណាងឲ្យឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

និងទី៥-និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»៕

To Top