នយោបាយ

សម្ដេច ទៀ បាញ់ ៖ ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម ទោះកម្ពុជា ខំប្រឹងឆ្លើយតប ក៏នៅដដែល ព្រោះមិនតាមបំណង ប្រាថ្នាអាមេរិក

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជាឆ្លើយតប យ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ នៃវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានរំលឹកថា លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដោយលើកឡើងបញ្ហាចោទប្រកាន់ រឿងមូលដ្ឋានទ័ពចិន នៅសមុទ្ររាម។

សម្ដេចបន្ដថា ក្នុងជំនួបនោះដែរ សម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រ គ្រប់ពេលវេលា ក្រោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ស្នើសុំ សម្ដេចតេជោ ចុះត្រួតពិនិត្យ ។

សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ប៉ុន្ដែអត់មានរឿងអីចម្លែកទេ ទោះជាទៅលើកនេះ ក៏អត់មានអីចម្លែកដែរ ខ្ញុំនិយាយតែប៉ុណ្ណឹងទេ ដោយសារអ្វី? មុនហ្នឹងធ្លាប់ចុះទៅម្តងហើយងងឹតមេឃងងឹតដី ចុះទៅម្តងហើយ គឺនៅតែដដែល ហើយបើខ្ញុំនិយាយ និយាយរាប់លើកមិនអស់ទេ ប៉ុន្តែនៅតែដដែលៗ ព្រោះមិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ» ។

យោងតាមការចេញផ្សាយ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានសង្កេតឃើញថា មូលដ្ឋានយោធារបស់ចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាព របស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមាន ដល់ទំនាក់ទំនងរវាង អាមេរិក-កម្ពុជា ៕

To Top