ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឲ្យអភិបាលរាជធានី-ខេត្តលុបចោលការប្រមូលមនុស្សទៅរៀនសូត្រអំពី ការបោះឆ្នោតសាកល្បងក្រុមប្រឹក្សា ឃុំ-សង្កាត់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញ បទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្សទៅរៀនសូត្រការពីបោះឆ្នោត សាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់។

តាមរយៈសារសំឡេង នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចទើបទទួលព័ត៌មានថា នៅថ្ងៃទី២០ មិថុនា ខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ ឆ្នាំ២០២១ រៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្ដេចតេជោ បន្ដថា បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងវាយឡុកប្រទេសកម្ពុជា ហើយក្នុងមួយថ្ងៃៗមានប្រជាជនឆ្លងរាប់រយនាក់ និងមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជំងឺកូវីដ-១៩កំពុងវាយឡុក ហើយក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់ និងមាន មនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលវេលា នេះ យើងត្រូវផ្ដល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ វាមិនជាពេលដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ»។

សម្ដេចតេជោ បន្ដថា ពេលវេលានេះសូម្បីតែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជាមួយកូវីដ-១៩។
សម្ដេចថា ការប្រមូលប្រជាជនណាមួយ មកជួបជុំដើម្បីហ្វឹកហាត់សម្រាប់បោះឆ្នោត សាកល្បង គឺគ្មានការចាំបាច់ឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំចេញបទបញ្ជាជូនទៅ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្ត ទាំងអស់សូមកុំប្រមូលប្រជាជនមកធ្វើការបណ្ដុះបណ្ដាលរៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បងនេះ ចាប់ពេលវេលានេះតទៅ»។
សម្ដេចតេជោ ក៏សុំទោស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះបញ្ហាទាំងនេះ ព្រោះថា គ្មានជម្រើសណា ឲ្យល្អជាងជម្រើសនេះទេ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ថែមថា «សូមមេត្តាលុបចោលនូវការបោះឆ្នោត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមសណូមពររបស់ខ្ញុំ។ សូមឲ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តឲ្យបានត្រឹមត្រូវ យើងក៏គោរពឯករាជ្យរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវយល់កិច្ចការលំបាករបស់ អង្គនិតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំថ្នាក់ ផងដែរ»៕

To Top