ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា នាពេលដ៏ខ្លី វិស័យវារីវប្បកម្ម នឹងមានការរីកចម្រើនតាមរយៈចងក្រងបណ្តុំផលិត និងអនុវត្តបច្ចេកទេសចិញ្ចឹម ស្របតាមស្តង់ដារ ទីផ្សារតម្រូវ។
ក្នុងឱកាសបន្តដំណើរមកពិនិត្យរោងសិប្បកម្ម កែច្នៃផលត្រីស្រស់ របស់កសិដ្ឋាន មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងទាក់ទង នឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ។ លោកថា នឹងអាចទទួលបានជោគជ័យ ដោយសារមានការគាំទ្រ ពីរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូត និងអង្គការ JICA និងជាពិសេស ទីផ្សារជប៉ុន។
លោកបញ្ជាក់ថា «នាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយដោយឡែក) នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា»។
លោក បន្ថែមថា ម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយ ប្រកបទៅដោយការ ជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA ។ លោកសង្ឃឹមថា នាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ។
នាឱកាសនោះ លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm បានលើកឡើងថា ការអនុវត្តតាមបច្ចេកទេសជប៉ុន ត្រី ១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជី ផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃ ត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់ បាន៧តោន។
លោកបន្ដថា ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគ ក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ផងដែរ ៕