ព័ត៌មានជាតិ

កម្ពុជា អាចនាំចេញជលផល ៤ប្រភេទ ទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាថ្មីៗនេះ ក្រោមការជំរុញរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមហ៊ុននាំចេញជលផលចំនួន២ ក្នុងប្រទេសកម្ពុជា ត្រូវបានចុះបញ្ជី ដោយជោគជ័យ ជាមួយរដ្ឋបាលគយប្រទេសចិន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន បានលើកឡើងថា យោងតាម “បញ្ជីឈ្មោះប្រទេសឬតំបន់ និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាស ដែលបានចុះបញ្ជី” (http://dzs.customs.gov.cn/dzs/2747042/2753600/index.html) ដែលចេញផ្សាយដោយរដ្ឋបាលគយ ចិនបានឱ្យដឹងថា កម្ពុជាអាចនាំចេញជលផលចំនួន៤ប្រភេទទៅកាន់ទីផ្សារប្រទេសចិនរួមមាន បង្កងប៉ាក(Oratosquilla、Squilla) អន្ទង់(Monopterus) ត្រីរស់(Monopterus) និងខ្យង(Chicoreus)។

ជាមួយគ្នានេះផងដែរ រដ្ឋបាលគយបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ សូមភាគីកម្ពុជាពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើជលផលដែលនាំចេញទៅកាន់ប្រទេសចិន ត្រូវប្រកាន់ខ្ជាប់ កិច្ចទប់ស្កាត់ លើជំងឺវីរុសឱ្យបានល្អប្រសើរ បុគ្គលិកក្រុមហ៊ុនត្រូវអនុវត្តតាម លក្ខខណ្ឌទប់ស្កាត់ជំងឺវីរុស ឱ្យបានម៉ើងម៉ាត់ មានដូចជា ស្លៀកសម្លៀកបំពាក់ការងារ ពាក់ម៉ាស និងស្រោមដៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាង ការបំពុលដល់ជលផល និងការវេចខ្ចប់ខាងក្រៅ៕

To Top