ព័ត៌មានជាតិ

ក្រសួង ច្រានចោលព័ត៌មានថា វីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់ នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១០ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ ក្រសួងសូមប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលធ្វើកោសល្យវិច័យ លើសាកសព ដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវី-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាម របស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាម ធ្វើឱ្យមនុស្សពិបាក ដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៉ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាល ដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវី-១៩»។

ក្រសួងសុខាភិបាល បញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺកូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយ នោះឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×