ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន អញ្ជើញថ្វាយព្រះពរសម្ដេចយាយ នាឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា បានអញ្ជើញចូលគាល់ និងថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនាឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងព្រះបរមរាជវាំង។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន បានពាំនាំនូវពាក្យពេចន៍ សួរព្រះរាជសុខទុក្ខ ដ៏ជ្រាលជ្រៅបំផុត និងព្រះសព្ទសាធុការពរជ័យ របស់ថ្នាក់ដឹកនាំចិន ថ្វាយសម្ដេចព្រះមហាក្សត្រី និងបានតំណាងឱ្យ មន្រ្តីគ្រប់រូប​ក្នុងស្ថានទូតចិន ប្រចាំកម្ពុជា ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

លោក ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា សម្ដេចព្រះមហាក្សត្រី គឺជាសក្ខីជន និងជាអ្នកជំរុញចំណងមិត្តភាព ជាប្រពៃណី រវាងចិននិងកម្ពុជា។លោកប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះបានឆ្លុះបញ្ចាំងពីការគោរព និងស្រឡាញ់របស់ប្រជាជនចិន ថ្វាយចំពោះព្រះអង្គ។

លោកទូតបន្តថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក រួមគ្នាពុះពាររាល់ការលំបាកទាំងឡាយ ហើយកិច្ចសហប្រតិបត្តិការ ដែលមានអត្ថប្រយោជន៍ ទៅវិញទៅមក ត្រូវបានបន្តអភិវឌ្ឍ ឥតឈប់ឈរ បានជួយលើកកម្ពស់ចំណងមិត្តភាព ដែកថែបរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក វ៉ាង វិនធាន ក៏បានថ្វាយព្រះពរព្រះអង្គ មានព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីបន្តថែរក្សាគាំទ្រការអភិវឌ្ឍន៍ឈប់ឈរនៃចំណងមិត្តភាពរវាងចិននិងកម្ពុជា។

សម្ដេចព្រះមហាក្សត្រី បានថ្លែងអំណរគុណចំពោះសេចក្តី នឹករឭកនិងពាក្យពេចន៍ សួរព្រះរាជសុខទុក្ខរបស់ថ្នាក់ដឹកនាំចិន។

ព្រះអង្គមានក្តីសោមនស្សរីករាយ ជាពន់ពេក ដែលបានទតឃើញចំណងមិត្តភាព រវាងកម្ពុជានិងចិន ដែលស្ថិតក្រោមការបីបាច់ថែទាំ យ៉ាងយកចិត្តទុកដាក់ ពីព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំចិនជំនាន់មុន ត្រូវបានពង្រីកនិងអភិឌ្ឍកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។ គ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលថ្វាយដោយលោកប្រធានាធិបតីចិន Xi Jinping មិនត្រឹមតែសម្រាប់ ព្រះអង្គតែប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។
ព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក មិត្តចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តនិងបានផ្តល់វ៉ាក់សាំងកូវីដជាច្រើន មកកាន់ប្រទេសកម្ពុជាមុនគេ ជួយគាំទ្រកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ យ៉ាងពេញទំហឹង និងជម្នះរាល់ការលំបាកទាំងឡាយ ភាគីកម្ពុជានឹងចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។ ព្រះអង្គក៏បានអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ ព្រះអង្គបានជូនពរ ប្រជាជនចិន ស្ថិតក្រោមការដឹកនាំនៃគណបក្សកុម្មុយនិស្តចិន បន្តទទួលបានសមិទ្ធផលថ្មីៗនិងកាន់តែច្រើន និងជូនពរចំណងមិត្តភាពកម្ពុជានិងចិនឋិតថេរជាអមតៈ បន្តពីមួយជំនាន់ទៅមួយជំនាន់។

លោក Chang Jian អគ្គទីប្រឹក្សា និងលោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមាន ក្នុងពិធីខាងលើ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top