ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច ៖ ការផលិតមាសបាន៣ តោនក្នុង១ឆ្នាំ របស់កម្ពុជា នឹងជួយសម្រាលបន្ទុករដ្ឋាភិបាលក្នុងការចាយវាយ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រកាសថា កម្ពុជាផលិតមាសបាន៣តោន ក្នុង១ឆ្នាំ ដោយទទួលចំណូលប្រមាណជា១៨៥លានដុល្លារ ។ ក្រោយការប្រកាសពីជោគជ័យដ៏ធំធេងនេះ ត្រូវបានលោក ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង បានវិភាគលើចំណូលនេះថា នឹងជួយសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាដើម ។

លោក ឆេង គឹមឡុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា គម្រោងរុករករ៉ែមាស និងរ៉ែផ្សេងទៀតរបស់ក្រុមហ៊ុននានាមិនមែនទើបតែចាប់ផ្តើមលើកទី១ទេ បានធ្វើឡើងតាំងពី២ទស្សវត្សមកហើយ គ្រាន់តែក្រុមហ៊ុនខ្លះទទួលជោគជ័យ និងខ្លះបិទដំណើរការទៅវិញ ។

លោកថា តែកាលពីថ្ងៃ១០ មិថុនា ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសពីជោគជ័យរបស់ក្រុមហ៊ុនរុករ៉ែមាសរបស់ប្រទេសអូស្ត្រាលី គឺបានបង្ហាញភាពច្បាស់លាស់និងប្រាកដប្រជាក្នុងការសិក្សាដោយវិភាគលើសមត្ថភាពរួចមកហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ដូច្នេះបន្ទាប់ពីសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ នឹងអាចឈានទៅដល់ការរុករកពិតប្រាកដ ។

លោក ឆេង គឹមឡុង បញ្ជាក់ថា “ដូច្នេះយើងមើលទិដ្ឋភាពចំណូលចូលក្នុងថវិកាជាតិ ប្រសិនបើចំណូល១៨០ទៅ១៩០លានដុល្លារចូលទៅក្នុងកញ្ចប់ថវិកាជាតិ វាអាចនឹងជួយសម្រួលទៅដល់បន្ទុករបស់រដ្ឋាភិបាលក្នុងការធ្វើចំណាយចាយវាយ ។ ជាចំណាយមូលធន ឬក៏ជាចំណាយចរន្តផ្សេងៗនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច” ។
បើតាមសាលិខិតផ្ញើជូនរួមជាតិនាថ្ងៃ១០ មិថុនា របស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលីទី១ ចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់ កណ្ដាលសម្រេចដែលមានអត្រាមាស៩០%(Gold Doré Bars) ក្រោយក្រុមហ៊ុនបានសិក្សា ស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ។ តាមរបាយការណ៍សមិទ្ធលទ្ធភាព ផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ក្រុមហ៊ុនមានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ។

រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឲ្យ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម លើកដំបូងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ចាប់ពីថ្ងៃទី២១ មិថុនា៕

To Top