នយោបាយ

លោក ពេជ្រ ស្រស់ ផ្ដាំទៅឯកអគ្គរដ្ឋទូត និងសមាគមវៀតណាម កុំតាំងខ្លួនធ្វើជាម្ចាស់ មកលើកម្ពុជា

ភ្នំពេញ៖ ឆ្លើយតបទៅកាន់មន្រ្តីវៀតណាម ដែលអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យគិតគូរដល់សុខមាលភាព ពលរដ្ឋដើមកំណើតវៀតណាម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតឲ្យពួកគេរុះរើ ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងអស់ ពីផ្ទៃទន្លេក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការផ្ដាំផ្ញើត្រឡប់ ទៅកាន់ឯកអគ្គរដ្ឋទូត និងសមាគមវៀតណាមប្រចាំកម្ពុជាសូមកុំឲ្យតាំងខ្លួនធ្វើជាម្ចាស់ មកលើកម្ពុជា ព្រោះកម្ពុជាគ្មានថ្ងៃ នៅក្រោមបទបញ្ជា របស់អស់លោកនោះទេ។

តាមរយៈវីដេអូឃ្លីប នៅថ្ងៃទី១២មិថុនានេះឆ្លើយតប ទៅកាន់ទូតវៀតណាម និងសមាគមវៀតណាម ដែលស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យជួយរកទីតាំងថ្មី សម្រាប់ជនជាតិវៀតណាម ដែលចាកចេញពីក្នុងទឹក លោក ពេជ្រ ស្រស់ បានត្បកត្រឡប់ទៅវិញថា “ខ្ញុំសូមជម្រាបថាពួកនោះ គឺប្រជាជាតិខ្មែរ មិនបានអញ្ជើញឲ្យមករស់នៅក្នុងដែនទឹក និងដែនដីកម្ពុជានោះទេ ដូច្នេះគឺសូមអញ្ជើញ ចេញឲ្យលឿនបំផុត ដែលអាចធ្វើទៅបាន”។

ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា “ខ្ញុំសូមផ្ដាំផ្ញើទៅដល់ទូតវៀតណាម និងសមាគមវៀតណាម កុំធ្វើអ្វីតាំងខ្លួនជាម្ចាស់កម្ពុជា ឲ្យមហាជនក៏ដូចជាអន្តរជាតិ បានឃើញគំនិត(អាក្រក់) របស់ខ្លួននៅលើគោកខ្លាំងពេក។ ព្រោះកម្ពុជាគ្មានថ្ងៃ នៅក្រោមឱវាទ នៅក្រោមបទបញ្ជារបស់អស់លោកនោះទេ”។

ក្នុងនាមជាកូនខ្មែរ និងជានយោបាយ លោក ពេជ្រ ស្រស់ ប្រកាសមិនអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ឬជាតិសាសន៍ដទៃ មករស់នៅលើទឹកដីកម្ពុជា ដោយសេរីនោះឡើយ។

លោក ពេជ្រ ស្រស់ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម និងសមាគមវៀតណាម នៅកម្ពុជា ត្រូវខ្មាស់ខ្លួនឯងផង ព្រោះវៀតណាមក៏បានអនុវត្តច្បាប់ អន្តោប្រវេសន៍មកលើជាតិសាសន៍ដទៃដែរ ជាពិសេសគឺជាតិសាសន៍ ខ្មែរតែម្ដង។

ជាមួយគ្នានោះ ប្រធានគណបក្សយុវជនកម្ពុជា ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ ចំពោះជនជាតិវៀតណាម ដែលមករស់នៅលើទឹកដីខ្មែរ ដោយខុសច្បាប់ ត្រូវតែបញ្ជូនត្រឡប់ ទៅកាន់ប្រទេសកំណើតខ្លួនវិញ ដោយគ្មានលក្ខខណ្ឌឡើយ។

យោងតាម សេចក្ដីជូនដំណឹងរបស់ រដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២១ ថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាង រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ រហូតមកដល់ពេលនេះគេសង្កេតឃើញថា ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេមួយចំនួន បានរុះរើរចេញជាបណ្ដើរៗ ហើយ៕

To Top
×