Covid-19

វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ក្រុមហ៊ុនចិន ចំនួន១លានដូសទៀត បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញហើយ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

វ៉ាក់សាំង១លានដូស មកដល់កម្ពុជា នារសៀលនេះ គឺជាវ៉ាក់សាំង លើកទី៧ហើយ។ ដោយលើកទី៦ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី៨ មិថុនា ,លើកទី៥ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា , លើកទី៤ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៦ ឧសភា , លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូសមកដល់កាលពីថ្ងៃទី២៦ មីនា។

តាមសារៈសំឡេង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់កម្ពុជានៅខែមិថុនា ឆ្នាំ២០២១ និងមកជាបន្ដបន្ទាប់ទៀត ផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន តែតែងលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់ មនុស្សពីការវាយប្រហារដោយជំងឺនេះ។

សម្ដេចតេជោ ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់ វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវ វ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ផងដែរ។

សម្ដេចតេជោ បន្ដថា វ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិន លើទឹកដីកម្ពុជាបានកើតមាន ក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា-ចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។

កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបានជាង ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ នាពេលខាងមុខ។

យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៨៣៦,៤៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៨.៣៦%៕

To Top