នយោបាយ

វៀតណាមមិនគួរយក បញ្ហាជនអន្តោប្រវេសន៍ របស់ខ្លួន បន្ថែមទម្ងន់ នៃការឈឺចាប់ ដល់ប្រជាជនខ្មែរទៀតទេ (Video)

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០១សប្ដាហ៍។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យទាំងនោះ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ី ចរន្ត​ទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោ​របង់ ​​ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់​​ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានី​ភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពពលរដ្ឋដែល​ប្រើប្រាស់ទឹកនោះផងដែរ។

ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងទូលំទូលាយពី​ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិង​គ្រប់និន្នាការនយោបាយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តឱ្យបានម៉ឺងម៉ាត់​និងមានប្រសិទ្ធភាពបំផុត ដោយមិនគួរអនុញ្ញាតឱ្យ​មានការតាំងទីលំនៅដោយខុសច្បាប់យ៉ាង​អនាធិបតេយ្យតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានី​ភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាតទៅទៀតនោះទេ។  

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះបំផុត ទឹកដែល​ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រើប្រាស់ គឺជាទឹកដែលអ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាង​អនាធិបតេយ្យតាមដងទន្លេទាំងនោះបន្ទោរបង់ដាក់ជារៀងរាល់ថ្ងៃ។

ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាំងកាំងនិងនឹកហួសចិត្តគ្រប់គ្នានោះ គឺវោហារសាស្ត្ររបស់ឯក​អគ្គ​រដ្ឋ​ទូត​ដែលជិតផុតអាណត្តិរបស់វៀត​ណាម​ប្រចាំ​កម្ពុជា លោក វូ ក្វាងមិញ ដែលបានថ្លែង​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បាន​អះអាង​ថា ចំណាត់ការរបស់រដ្ឋបាល​រាជធានីភ្នំពេញ ឱ្យ​ប្រជាជនដែលជា​ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​​ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅរាជធានីភ្នំពេញឱ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍ ដោយឱ្យសំណង់ទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក ​គឺលឿនពេកនិងមិនអាចអនុវត្តបានឡើយ។

លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បានចុះទៅជួបផ្ទាល់អ្នកតាំងទីលំនៅ​តាមដងទន្លេដែលត្រូវឱ្យរុះរើចេញនោះ។ វិទ្យុសំឡេងវៀតណាមនិងទូរទស្សន៍ប៉ុស្តិ៍លេខ៤វៀតណាម ដែលបាន​ចូលរួមយកព័ត៌មានដែរនោះ បាន​ធ្វើសេចក្តីរាយការណ៍ថា

អ្នករស់លើទឹក​គឺភាគច្រើនជាប្រជាជនដែលមានដើមកំណើតវៀតណាម ដែលមានប្រហែល ១,០០០ គ្រួសារ ។

            វោហារសាស្ត្ររបស់លោក​ទូត​វៀត​ណាមបានធ្វើឱ្យប្រពលរដ្ឋកម្ពុជាចោទជាសំណួរថា តើរដ្ឋបាលរាជធានីភ្នំពេញស្ថិតក្រោមរដ្ឋាភិបាលក្រុងហាណូយឬរដ្ឋាភិបាលក្រុងភ្នំពេញ ទើបលោកទូតមានប្រតិកម្ម​បែបនេះ? កម្ពុជាជារដ្ឋឯករាជ្យនិងអធិបតេយ្យ ដែលមានសិទ្ធិផ្តាច់មុខលើអធិបតេយ្យផ្ទៃក្នុង​ក៏ដូចអធិបតេយ្យខាងក្រៅរបស់ខ្លួន គឺមិនស្ថិតក្រោមចំណុះរបស់រដ្ឋបរទេសណាមួយនោះឡើយ។

ការអនុវត្តនូវវិធានផ្ទៃក្នុងឬច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការកំណត់នយោបាយក្រៅប្រទេសរបស់កម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ដែលរដ្ឋបរទេសគ្មាន​សិទ្ធិមកលូកលាន់បានទេ។ ជាក់ស្តែង ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ គ្មានពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយវៀតណាម។ វោហារសាស្ត្ររបស់លោក​ទូត​រូបនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជា។

            បើលោកទូតទទួលស្គាល់ថា អ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាង​អនាធិបតេយ្យតាមដងទន្លេទាំងនោះ ជាជនជាតិវៀតណាម អ្វីដែលលោកទូតអាចធ្វើបាន គឺរៀបចំធ្វើមាតុភូមិនិវត្តន៍ពួកគេឱ្យទៅកាន់ប្រទេសវៀតណាមវិញ​ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់វៀតណាម​ផង និងបង្ហាញពីការគោរពដល់តម្លៃ​មិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អរវាង​ប្រទេសទាំងពីរផង។ លោកទូតមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យខូចខាតដល់មិត្តភាពនិងធ្វើ​ឱ្យឈឺចាប់ដល់បេះដូងប្រជាពលរដ្ឋខ្មែរនោះទេ។

            វោហារសាស្ត្ររបស់លោកទូតហាក់បង្កប់នូវភាពពិសពុល ដែលធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់​ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជានិងរាជរដ្ឋាភិបាលរបស់ខ្លួន ក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោម​បង្គាប់​វៀតណាមឬអាយ៉ងវៀតណាម ដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង។ ជាការណ៍ពិត រាជរដ្ឋាភិបាលកម្ពុជាមិនស្ថិតក្រោមបង្គាប់​នៃរដ្ឋបរទេសណាមួយនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាយកប្រជាជនកម្ពុជាធ្វើជាម្ចាស់ អ្វីៗដើម្បី​បុព្វហេតុនៃឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

            គ្រប់ពេល​វេលា គ្រប់ទីកន្លែង និងគ្រប់ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងវៀតណាមគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងអ្នកការទូត វៀតណាមតែងតែស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្តល់ភាពស្របច្បាប់និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាម​ដែល​មកតាំងទីលំនៅនៅកម្ពុជា។ ពួកគេមិនដែលពិភាក្សាពីលទ្ធភាពធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ទាំងនោះ​ឱ្យទៅរស់នៅប្រទេសវៀតណាមខ្លួនឯងវិញនោះទេ។

ជាក់ស្តែង ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងឆុងឈីង  ប្រទេសចិន លោក បួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នើឱ្យកម្ពុជាបន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម និងបានស្នើឱ្យអាជ្ញាធរកម្ពុជា ធានាពីផលប្រយោជន៍និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាមផងដែរ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរ លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក៏បានរំលឹកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ។ ស្ត្រីអ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងថ្មីសម្រាប់ពលរដ្ឋដើមកំណើតវៀតណាមត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់  ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលពីសង្គម។​

ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ឹម ជី ប្រធានសមាគម​វៀតណាមបាននិយាយថា សមាគមរបស់លោកបានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើសុំបីចំណុច​គឺទីមួយ ​ស្នើសុំពន្យារពេល​សមស្របបំផុតដើម្បីផ្លាស់ប្តូរទីតាំង, ​ទីពីរ ​ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញរកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹមបែត្រីបាន និងទីបី ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពនៅពេលចេញទៅ។

នេះជាការស្នើមួយដែលមានការគិតគូរខ្ពស់សម្រាប់ជនជាតិវៀតណាមទាំងនោះ។ សំណួរសួរថា តើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើនោះបានដែរទេ? ទោះដោះស្រាយបានឬមិនបាន រដ្ឋបាលរាជធានីភ្នំពេញហាក់កំពុងប្រឈមនឹងទ្វេគ្រោះ។ បើ​រដ្ឋបាល​រាជធានីភ្នំពេញអាចដោះស្រាយសំណើរបស់ពួកគេបាន បញ្ហាពីរនឹងចោទឡើង ទីមួយ គឺមានន័យថា រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាស់វៀតណាមឱ្យតាំងទីលំនៅនៅកម្ពុជា និងអាចត្រូវបានចោទប្រកាន់ថា ស្តាប់បង្គាប់វៀតណាម និងទីពីរ សំណួរជាច្រើននឹងលេចចេញពីមាត់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានតម្រូវឱ្យផ្លាស់​ទីដូចគ្នាក្រោមផែនការអភិវឌ្ឍន៍ តើរដ្ឋបាលរាជធានីភ្នំពេញមានបានដោះស្រាយសំណើបីយ៉ាងដូចខាងលើ​ជូនពួកគេដោយសមរម្យដែរឬទេ?

ប៉ុន្តែ បើរដ្ឋបាលរាជធានីភ្នំពេញមិនអាចដោះស្រាយ​បាន តើរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តច្បាប់ចំពោះពួកគេដោយរបៀបណា? តើពួកគេនឹងទៅរស់នៅទីណា? ឬគ្រាន់តែចេញពីទន្លេខ្មែរមួយទៅកាន់ទន្លេខ្មែរមួយទៀត​ដដែល? ឬចេញពីដីខ្មែរមួយកន្លែងទៅនៅដីខ្មែរ​​​មួយកន្លែងទៀត? ឬចេញពីកណ្តាលប្រទេសទៅរស់នៅតំបន់ព្រំដែន? តើច្បាប់​អន្តោប្រវេសន៍អាចត្រូវបានអនុវត្តដែរឬទេ? ទាំងនេះសុទ្ធតែជាសំណួរដែលស្មុគស្មាញពិបាករកចម្លើយ។     តាមពិត អាជ្ញាធរ​​ភ្នំពេញ បានដាក់ឱសានវាទត្រឹមថ្ងៃទី៩ ខែមិថុនា ប៉ុន្តែក្រោយមក បានសម្រេចពន្យារពេលបន្ថែមទៀតរហូតដល់ថ្ងៃទី១២ ខែមិថុនា។

               មែនទែនទៅ ថ្វីបើ​កម្ពុជាជារដ្ឋតូច ប៉ុន្តែមានបេះដូងធំទូលំទូលាយ, កម្ពុជាតែងគោរពនិងផ្តល់​តម្លៃចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាបណ្ដាប្រទេសនានាលើសាកលលោក។ កម្ពុជាពោរពេញដោយបេះដូងមនុស្សធម៌និងគោរពនូវគុណធម៌ជាប់ជានិច្ច។ ដូចឃើញស្រាប់ហើយ នៅគ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជា សុទ្ធតែមានសមាគម​វៀតណាម, តើមានដូចគ្នាទេ សមាគមកម្ពុជានៅប្រទេសវៀតណាម?

កម្ពុជាពិតជាទទួលស្គាល់វៀតណាមក្នុងការចូលរួមជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម​។ ជាការឆ្លើយតប ស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្តនៃប្រទេកម្ពុជា, តើមានស្តូបអនុស្សាវរីយ៍ដូចគ្នានេះនៅវៀតណាមដែរឬទេ?

តើវៀតណាមមានធ្លាប់បានរំឭកគុណកម្ពុជាដែលបានរួមចំណែកក្នុងបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាមដែរឬទេ? ការជួយរបស់កម្ពុជាដើម្បីបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាម បានធ្វើឱ្យសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែករាប់លានតោននៅលើទឹកដីកម្ពុជា និងបានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សែននាក់, ស្លាកស្នាមផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាមិនទាន់រលុបនៅឡើយទេ, តើនេះជាគុណដែល​វៀតណាម​គួររំឭកដែរឬទេ? ប្រជាជនកម្ពុជាហាក់មានអារម្មណ៍ចាញ់ប្រៀប​វៀតណាមខ្លាំងណាស់។ ប្រជាជន កម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម គួរគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសដែលនាំឱ្យមានការឈឺចាប់បន្ថែមនោះទេ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដី​ច្រើនណាស់ទៅហើយទៅប្រទេសវៀតណាម​។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជា​ដើមកំណើតខ្មែររាប់លាននាក់​រស់នៅទីនោះ, កោះត្រល់ជាកោះគុជដ៏ឆើតឆាយ ដែលមានចម្ងាយតែបន្តិចសិបគីឡូពីក្រុងកែប បានត្រូវបាត់បង់ទៅប្រទេសវៀតណាមដែរ។ កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជា​ជំនាន់នេះនិងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវៈយវៈចេញពី​រាងកាយដូច្នោះដែរ។

ដូច្នេះ វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួន​បង្កឱ្យមានការឈឺចាប់បន្ថែមដល់ប្រជាជនខ្មែរនោះទេ។  វៀតណាមគួរតែរៀបចំផែនការមាតុភូមិនិវត្តន៍ជនជាតិរបស់​ខ្លួនទៅកាន់ប្រទេសខ្លួនវិញហើយ មិនគួរគិតតែពីសុំភាពស្របច្បាប់ដល់ពួកគេពីប្រទេសកម្ពុជា​​នោះទេ។ វាល្មមដល់ពេលបញ្ចប់នយោបាយដំណើរឆ្ពោះមកទិសខាងលិចរបស់អ្នកហើយ, អ្នកទទួលបានទឹកដីពីកម្ពុជាច្រើនណាស់ហើយ។ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ​បានអនុម័តគឺ «​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top