ព័ត៌មានជាតិ

សមាគមធនាគារ និងសមាគម មីក្រូហិរញ្ញវត្ថុ ចូលរួមជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ប្រយុទ្ធជំងឺកូវីដ-១៩

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាជិក របស់ខ្លួន នាថ្ងៃទី១៤ ខែឧមិថុនា ឆ្នាំ២០២១ បាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកា ចំនួន៤០លានរៀល ចូលរួមឧបត្ថម្ភដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ពិធីប្រគល់និងទទួលគ្រឿង ឧបភោគបរិភោគ និងថវិកា ចំនួន ៤០លានរៀល ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និង លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារ នៅកម្ពុជា តំណាងឲ្យលោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបុគ្គលិកជាន់ខ្ពស់លេខាធិកាដ្ឋាន នៃសមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

សម្ភារនិងគ្រឿង ឧបភោគបរិភោគទាំងអស់រួមមាន៖ អង្ករ ចំនួន ៥ តោន, ត្រីខកំប៉ុង ចំនួន ២.០០០យួរ ទឹកស៊ីអ៊ីវ ចំនួន ២.២០០យួរ, ទឹកត្រី ចំនួន ២.២០០យួរ, រួមទាំងថវិកាចំនួន ៤០លានរៀល (សែសិបលានរៀល)។

នាឱកាសនោះ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាល ជាពិសេស សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលតែងតែបានយកចិត្តទុកដាក់ និងបានចាត់វិធានការទាន់ពេលវេលា ដើម្បីដោះស្រាយផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ក៏បានថ្លែងអំណរគុណផងដែរ ដល់សមាជិកទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានរបស់ខ្លួនទៅកាន់រាជរដ្ឋាភិបាលដោយផ្ទាល់ និង តាមរយៈសមាគមទាំងពីរ ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ដោយឡែក លោក ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេចតេជោ (TYDA) បានថ្លែងអំណរគុណ ដល់សមាគមទាំងពីរ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកថា រាល់ជំនួយឧបត្ថម្ភទាំងអស់ របស់សប្បុរសជន នឹងបញ្ជូន ទៅតាមមន្ទីរពេទ្យ ចែកជូនអ្នកជំងឺ និងបញ្ជូនទៅតាមតំបន់គោលដៅ ផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។

លោកបន្ថែមថា «ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) យើងខ្ញុំសូមថែ្លងអំណរគុណ ដល់សមាគមហិរញ្ញវត្ថុទាំងពីរ [សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា] ដែលបានចូលរួមជាមួយ TYDA ក្នុងការចែករំលែកសុខទុក្ខ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់។ យើងខ្ញុំក៏សូមជូនពរឲ្យបេសកម្ម របស់សមាគមទាំងពីរឲ្យជោគជ័យ និងរីកចម្រើនដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល»។

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២១ រហូតមកទល់ពេលនេះ គឺជាលើកទី២ហើយ ដែលសមាគមទាំងពីរ និងសមាជិករបស់ខ្លួនបានចូលរួមជាមួយ រដ្ឋាភិបាលកម្ពុជា បរិច្ចាគនូវគ្រឿង ឧបភោគបរិភោគ និងធនធានថវិកា ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺរាតត្បាតកូវីដ-១៩ ដែលបាននឹងកំពុងឆ្លងរីករាលដាល ពាសពេញផ្ទៃប្រទេស ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top