Covid-19

រកឃើញអ្នកចាក់វ៉ាក់សាំង ទី៣លាននាក់ ជាស្ដ្រីមេម៉ាយនៅខេត្តកណ្ដាល ទទួលជំនួយឧបត្ថម្ភ​ ១០លានរៀល (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា រកឃើញអ្នកចាក់វ៉ាក់សាំង ទី៣លាននាក់ ជាស្ដ្រីមេម៉ាយឈ្មោះ ស៊ុ សំអឿន អាយុ៤៨ឆ្នាំ រស់នៅខេត្តកណ្ដាល ទទួលជំនួយឧបត្ថម្ភ ១០លានរៀល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំង បានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គល ដែលបានចាក់វ៉ាក់សាំង ទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅ មន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល”។

សម្តេចតេជោ បន្ដថា “ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយ ឧបត្ថម្ភនូវទឹកប្រាក់ ចំនួន១០លានរៀល ដែល លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់ នាថ្ងៃស្អែក”។

សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំង ចំនួន៣០ភាគរយ នៃចំនួនដែលត្រូវចាក់ដែលនេះ ជាជោគជ័យដ៏ធំក្នុងដំណើរ ឆ្ពោះទៅរកគោលដៅ ១០លាននាក់ ដែលត្រូវចាក់។

សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើម ចាក់វ៉ាក់សាំង កាលថ្ងៃ១០ ខែ កុម្ភៈ ២០២១ គឺម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ ខែមេសា ២០២១ បានរកឃើញមនុស្សទី ១លាននាក់ ចាក់វ៉ាក់សាំង បានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ទទួលបានរង្វាន់ ១០លានរៀលផងដែរ ។

ដោយឡែក នៅថ្ងៃទី១៤ ខែ ឧសភា ២០២១នេះ បានរកឃើញមនុស្សទី ២លាន បានទៅលោកស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ៕

To Top