នយោបាយ

អូស្រ្តាលី បារម្ភចំពោះស្ថានការណ៍ និងសេរីនយោបាយ កម្ពុជាបច្ចុប្បន្ន

ភ្នំពេញ៖ តាំងនាមឲ្យរដ្ឋាភិបាលអូស្រ្តាលី លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញ ស្ថានការណ៍នយោបាយ និងសេរីនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ការបង្ហាញក្តីបារម្ភរបស់លោក Luke Arnold ធ្វើឡើងនៅចំពោះមុខលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយគ្នានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្រោយបញ្ចប់កិច្ចជំនួបរវាងភាគីទាំង ២រួចមក លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា “អូស្រ្តាលីក៏បានបង្ហាញនូវ ការបារម្ភមួយចំនួនផងដែរអំពី ស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយនៅកម្ពុជា។ ប៉ុន្តែជាការឆ្លើយតបនឹងការបារម្ភនេះ លោក កែវ រ៉េមី ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញផងដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយច្បាប់ ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា” ។

ក្តីបារម្ភនេះមិនដឹងថា អូស្រ្តាលីសំដៅលើចំណុចណាមួយនោះទេ ខណៈការបោះឆ្នោតទាំងថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់ ។ ការខិតចូលមកដល់នៃការបោះឆ្នោតនេះ គឺប្រហែលអតីតគណបក្សសង្រ្គោះជាតិ មិនអាចចូលរួមប្រកួតប្រជែង បានទេដោយសារគណបក្សត្រូវបាន រំលាយចោលដោយសារអំណាចតុលាការ ក្រោយលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយក ទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមបទចោទប្រកាន់ពី បទក្បត់ជាតិកាលពីឆ្នាំ២០១៧ ។
សព្វថ្ងៃលោកត្រូវបានតុលាការ បានបន្ធូរបន្ថយអាចឲ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេសកាលពីឆ្នាំ២០១៩ តែទោះយ៉ាងណាសំណុំរឿង មិនទាន់បញ្ចប់នៅឡើយទេ។ ក្នុងរយៈពេលនៃបាត់សិទ្ធិធ្វើនយោបាយ មានអតីតសហការី និងមន្ត្រីជំនិតរបស់លោកជាង ២០នាក់ បានសុំធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកជាប់បម្រាម ១១៨នាក់។
ដោយអ្នកខ្លះបានទៅបង្កើត គណបក្សនយោបាយថ្មីដោយសារ អស់ជំនឿលើអតីតគណបក្សសង្រ្គោះជាតិ ដែលគ្មានលទ្ធភាពមកចូលរួម ប្រកួតប្រជែងការបោះឆ្នោត នៅឆ្នាំ២០២២-២០២៣ខាងមុខបាន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានថ្លែងថា ការមិនមានវត្តមានក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ របស់អតីតបក្សប្រឆាំងនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា ខ្មោចអតីតគណបក្សប្រឆាំងនៅខ្លាំងឬក៏ខ្សោយ ហើយខ្មោចអាចរស់ឡើវិញឬអត់ ? ។

លោកថា អតីតគណបក្សប្រឆាំង កំពុងតែស្វះស្វែងរកការ បង្រួបបង្រួមគ្នាឡើងវិញនោះ គឺគ្មានសង្ឃឹមឡើយ ដោយសារពិតជាមានការបែក បាក់ធ្ងន់ធ្ងរក្នុងខ្មោចអតីតគណបក្សប្រឆាំង និងជាក្រុមឧទ្ទាមក្រៅច្បាប់ប្រាកដមែន ៕

To Top