ព័ត៌មានជាតិ

ទូតឥណ្ឌាសង្ឃឹមថា កម្ពុជានឹងឯកភាពឲ្យឥណ្ឌា នាំសាច់មកលក់នៅកម្ពុជាឡើងវិញ

ភ្នំពេញ៖ លោកស្រី ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងឯកភាពឲ្យឥណ្ឌានាំសាច់ មកលក់នៅកម្ពុជាឡើងវិញ ដោយត្រួតពិនិត្យច្បាស់លាស់ពីមន្ដ្រីជំនាញ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានផ្អាកការនាំចូលសាច់គោ និងទំនិញពីឥណ្ឌាចូលមកកម្ពុជា ក្រោយពីឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ដេវ យ៉ានី ឃុប្រាហ្គាដេ លើកឡើងពីការរង់ចាំចម្លើយ ពីរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យមានការនាំសាច់ពីឥណ្ឌា មកកាន់ទីផ្សារកម្ពុជាឡើងវិញ ដោយសារបច្ចុប្បន្ននេះ ឥណ្ឌានាំសាច់ចេញទៅក្រៅប្រទេសជាង ៧០ប្រទេស ហើយក្នុងរយៈពេលចុងក្រោយនេះ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏បានឯកភាពអនុញ្ញាតឲ្យ ឥណ្ឌានាំសាច់មកលក់ឡើងវិញ។

លោកស្រីបញ្ជាក់ថា «សង្ឃឹមថា កម្ពុជានឹងឯកភាពឲ្យឥណ្ឌា នាំសាច់មកលក់នៅក្នុង ប្រទេសកម្ពុជាឡើងវិញ ដោយមានការត្រួតពិនិត្យបាន ច្បាស់លាស់ពីមន្រ្តីជំនាញ»។

ជាងនេះទៅទៀត លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានជឿជាក់ថា ទំនាក់ទំនងខាងវិស័យអាកាសចរណ៍ នៃប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា នឹងអាចឈានដល់ការ បើកជើងយន្តហោះទៅវិញ ទៅមកឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយសម្រួល ដល់ការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម ផងដែរ។

លោកស្រី បន្ថែមថា រដ្ឋាភិបាលឥណ្ឌាមានកញ្ចប់ថវិកាមួយចំនួន ដែលអាចឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ទាំងក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងធនធានមនុស្ស។ តាមរយៈនេះ លោកស្រី ក៏បានសំណូមពរដល់ ក្រសួងព័ត៌មានកម្ពុជា ធ្វើការគិតគួរលើកជាគម្រោង នៅក្នុងបញ្ហាខាងលើនេះ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានលើកឡើងថា ឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រការនេះ ក្រសួងព័ត៌មាន ស្នើដល់ប្រទេសឥណ្ឌាជួយផ្តល់ នូវឯកសារឲ្យបានច្រើន ដើម្បីយកមកធ្វើការផ្សព្វផ្សាយ ឲ្យប្រជាជនកម្ពុជា យល់បានពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយល់បានតម្រូវការ និងពីទិសដៅនៃការអភិវឌ្ឍរបស់ ឥណ្ឌា ក៏ដូចជំហរនានារបស់ឥណ្ឌា នៅលើឆាកអន្តរជាតិផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top