ព័ត៌មានជាតិ

លោក សុខ ឥសាន៖ អាមេរិកចោទថា មានមូលដ្ឋានទ័ពចិននៅរាម ដើម្បីដាក់គំនាបកម្ពុជា(Videos)

ភ្នំពេញ៖ “សហរដ្ឋអាមេរិកមិនគួរចង់ ដើរជាន់ដានចាស់នៅអ៊ីរ៉ាក់ទេ ចង់ចោទថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដើម្បីដាក់គំនាបមកលើកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលបានលើកឡើងក្នុងបណ្តាញតេឡេក្រាម។

លោកបន្តថា អាមេរិកដែលមានគោលបំណង ទៅពិនិត្យភាពការណ៍ទូទៅ នៅផែសមុទ្ររាមនោះ ការពិតទៅពេលទៅដល់ជាក់ស្តែង បែរជាចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ ។

កាលពីថ្ងៃ១១ មិថុនា យោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានធ្វើដំណើរទៅរាម នៅថ្ងៃ១១ មិថុនា ប៉ុន្តែក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យ អនុព័ន្ធយោធារូបនេះបានទៅមើល គ្រប់កន្លែងក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ នៅពេលដឹងច្បាស់ថា ខ្លួនមិនត្រូវបានអនុញ្ញាត ឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជា កំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើល គ្រប់កន្លែងក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។

ការទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម របស់អនុព័ន្ធយោធាប្រចាំ ស្ថានទូតអាមេរិកនៅកម្ពុជា ក្រោយពីលោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា បានសម្តែងក្តីបារម្ភចំពោះវត្តមាន មូលដ្ឋានយោធារបស់សាធារណរដ្ឋ ប្រជាមានិតចិនណាមួយនៅកម្ពុជា ។ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធា ចិន និងការកសាងទីតាំងនៅមូលដ្ឋាន ជើងទឹករាមក្នុងឈូងសមុទ្រថៃ។ លោកស្រីក៏បានសុំការបំភ្លឺ លើការវាយកំទេចអគារចំនួន២ ដែលបានទទួលជំនួយថវិកាពីអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ។

លោកស្រីមើលឃើញថា មូលដ្ឋានយោធារបស់ចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា ៕

To Top