នយោបាយ

លោក គិន ភា៖ ត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ មិនគ្រប់គ្រាន់ទេ

នៅពេល​សម្លឹង ទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរ​តែង មានមោទនភាពចំពោះជាតិខ្លួន ដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយ នៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ ​អារ្យធម៌ខ្ពង់ខ្ពស់ និង​ឫទ្ធានុភាពអស្ចារ្យ​ គ្មានជាតិសាសន៍ ណា​អាចប្រមាថបាន​​។

​បុព្វកថា នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាព នេះដែរ ដោយបានចារឹក​ថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ»។

សម័យអង្គរដ៏រុងរឿង ត្រូវបានចាត់ទុកជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ បុព្វបុរសខ្មែរសម័យនោះ បានកសាងមហាប្រាសាទ សិលារាប់ពាន់ ដែលរាយប៉ាយពាសពេញ ផ្ទៃប្រទេស និង​ក៏មាននៅក្នុងប្រទេសជិតខាង នាពេលបច្ចុប្បន្ននេះផងដែរ។ ប្រជារាស្ត្រខ្មែរនិងអ្នកដឹកនាំ​របស់ខ្លួនតែងតែមានមោទនភាពចំពោះ​កេរដំណែលដ៏មហស្ចារ្យទាំងនោះ ដែលបន្សល់ទុករហូតមកដល់​សព្វថ្ងៃ ហើយក៏បានទទួលផលប្រយោជន៍ដ៏មហាសាលពីកេរដំណែលដ៏មហស្ចារ្យទាំងនោះដែរ។

ទោះបីកម្ពុជា មានការផ្លាស់ប្តូរ របបនយោបាយ ជាច្រើនលើកច្រើនសា ក៏ដោយ ក៏មហាប្រាសាទអង្គរវត្ត នៅតែជាប្រភពនៃក្តីមោទនភាពខ្ពស់បំផុត របស់ប្រជាជាតិខ្មែរ និង​ត្រូវបានប្រតិដ្ឋ​ នៅចំកណ្តាល​​​ ផ្ទៃទង់ជាតិខ្មែរ តាំងពីឆ្នាំ១៩៤៧មក។

រយៈពេល ១០០០​ឆ្នាំ​ក្រោយមក ក្តីមោទនភាពត្រូវជំនួស ដោយការឈឺចាប់និងការស្តាយ​ស្រណោះ​រកទីបំផុត គ្មាន។ នោះមិនទាន់គិត ទៅដល់រយៈពេល ១០០០ឆ្នាំ ទៅមុខទៀតផង។ ក្រោយការដួលរលំ នៃសម័យអង្គរ​ ចក្រភពខ្មែរ បានចុះខ្សោយជាលំដាប់ ទឹកដីបានរួញតូចបន្តិច​ម្តងៗ ស្ទើរតែបាត់ពីផែនទីពិភពលោក។ ប្រទេស​ជាតិបានជួបប្រទះតែចម្បាំងរាំងជល់ គ្មានស្បើយ ចម្បាំងផ្ទៃក្នុងផង និងចម្បាំងជាមួយបរទេសឈ្លានពានផង។

ការណ៍នេះ បានធ្វើឱ្យកម្ពុជា ដែលជាចក្រភពដ៏ខ្លាំងពូកែមួយ​ ធ្លាក់ខ្លួនជារដ្ឋស្ថិតក្រោមអាណានិគមផ្លាស់វេន នៃរដ្ឋក្បែរខាង​ ដែលកកើតក្រោយខ្លួនជាង ១០០០ឆ្នាំ។ ទឹកដីជាច្រើនត្រូវបានបាត់បង់ ទៅប្រទេសក្បែរខាងទាំងនោះ ជាក់ស្តែង ដែនដីខ្មែរលើរាប់សិបខេត្ត បានធ្លាក់ទៅ​ប្រទេសថៃ ដែនដីកម្ពុជាក្រោម រាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង បានធ្លាក់ទៅប្រទេសវៀតណាម និងមួយផ្នែកទៀត ក៏បានធ្លាក់ទៅប្រទេសឡាវផងដែរ។

បន្ទាប់ពីរំដោះខ្លួនចេញ ពីអាណានិគម ផ្លាស់វេននៃរដ្ឋក្បែរខាង កម្ពុជាធ្លាក់ខ្លួនស្ថិតក្រោមអាណានិគមបារាំង ជិតមួយសតវត្សរ៍ទៀត។ ការតស៊ូរំដោះខ្លួនចេញ ពីនឹមអាណានិគម​បារាំង ត្រូវ​ចំណាយពេល អស់រាប់ទសវត្សរ៍ទម្រាំ ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ ក្រោយទទួលបាន ឯករាជ្យ កម្ពុជាបានក្លាយជាកោះសន្តិភាព​ តែមិនយូរប៉ុន្មាន កម្ពុជា​បានរអិលខ្លួនធ្លាក់ចូលក្នុង​សង្គ្រាមស៊ីវិលអស់រយៈពេលជាងពីរទសវត្សរ៍ទៀត។ រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញលេញ។

 នៅពេលនិយាយ ពីអតីតកាលនៃចក្រភពខ្មែរ និងអារ្យធម៌អង្គរដ៏បវរ ប្រជារាស្ត្រខ្មែរ​គ្រប់រូបពិតជាមានមោទនភាពចំពោះ ប្រវត្តិសាស្ត្រនិងបុព្វបុរសខ្លួន​ណាស់។ ប៉ុន្តែ នៅពេលនិយាយពីសោកនាដកម្ម ពីអតីតកាលនិងទឹកដី ​ដែលបាត់បង់ទៅ ប្រជារាស្ត្រខ្មែរ​គ្រប់រូប​មានការស្តាយស្រណោះ រកទីបំផុតគ្មាន និងមានការឈឺចាប់ យ៉ាងខ្លាំងប្រៀបដូចជាគេ​យកកាំបិត ទៅចាក់ទម្លុះបេះដូង ដូច្នោះដែរ។

ប៉ុន្តែ បើត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ គឺមិនគ្រប់គ្រាន់ទេ។ ជំនួសឱ្យការឈឺចាប់ និងការស្តាយស្រណោះ ប្រជារាស្ត្រខ្មែរ​ គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ​នយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្ត ​របស់យើង​ដែលបានចារឹកទុក ក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»។

​ពេល​សម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន យើងមានមោទនភាព​លាយឡំជាមួយ​ការឈឺចាប់ និងការស្តាយស្រណោះ។ ប៉ុន្តែ តើយើង​បានគិតបែបណា និងធ្វើបែបណា ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង សម្រាប់​​រយៈពេល ១០០០ឆ្នាំទៅមុខទៀត?

ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមឡើង យើងមិនអាច​ដេករង់ចាំព្រេងសំណាង បានទេ។ យើងទាំងអស់គ្នា ត្រូវតែមានការទទួលខុសត្រូវទៅតាម​តួនាទីរៀងៗខ្លួន មិនថា កសិករ កម្មករ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ ​សាស្ត្រាចារ្យ គ្រូបង្រៀន កងទ័ព នគរបាល អ្នកនយោបាយ តុលាការ ព្រះសង្ឃ ឬអ្នកជំនួញ។ល។

កសិករត្រូវតែខិតខំបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ, កម្មករត្រូវតែស្វាហាប់នឹងការងារសិស្ស-និស្សិត ត្រូវតែខិតខំរៀនសូត្រ ឱ្យខ្លាំងឡើង សក្តិសម ជាសសរទ្រូងជាតិ, បញ្ញវន្តត្រូវតែខិតខំសិក្សា ស្រាវជ្រាវ បោះពុម្ព​ ផ្សព្វផ្សាយ, មន្ត្រីរាជការត្រូវតែខិតខំបម្រើរាស្ត្រប្រកបដោយមនសិការជាតិនិងក្រមសីលធម៌​វិជ្ជាជីវៈ។

ដោយឡែក សាស្ត្រាចារ្យ គ្រូបង្រៀន ត្រូវតែខិតខំបង្រៀនសិស្ស​ និស្សិតឱ្យមានសមត្ថភាព ផលិតភាព នវានុវត្តភាព គុណធម៌ និងមនសិការជាតិ, កងទ័ពត្រូវតែស្មោះត្រង់នឹងជាតិ​ក្លាហាន តស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី, នគរបាលត្រូវតែប្តេជ្ញារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។

អ្នកនយោបាយ ត្រូវតែគិតឧត្តមប្រយោជន៍ជាតិ ​និងប្រជាជនជាធំ ត្រូវគិតដល់អ្នកជំនាន់ក្រោយ សូមកុំគិតតែពីការបោះឆ្នោតអាណត្តិក្រោយ, តុលាការ​ត្រូវតែរក្សាយុត្តិធម៌ជូនប្រជា​រាស្ត្រ, ព្រះសង្ឃត្រូវតែខិតខំអប់រំសីលធម៌សង្គម រីឯអ្នកជំនួញត្រូវតែមានក្រមសីលធម៌ និងគិតគូរដល់​បរិស្ថាននិងភពផែនដី ហើយសមាសភាពសង្គមដទៃទៀត ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនប្រកប​ដោយមនសិការជាតិនិងការទទួលខុសត្រូវខ្ពស់បំផុត។     

យើងអ្នកជំនាន់នេះ ជាបុព្វបុរសនៃកូនចៅ យើងជំនាន់ក្រោយ។ តើយើងចង់ឱ្យកូនចៅយើងចារឈ្មោះយើងបែបណា? កូនចៅ​យើងជំនាន់ក្រោយរបស់យើង នឹងចារឈ្មោះយើងបែបណានាពេលអនាគតនោះ គឺអាស្រ័យលើសកម្មភាព​និងស្នាដៃបច្ចុប្បន្នរបស់យើង។

យើងជាអ្នកជំនាន់ក្រោយ នៃបុព្វបុរសរបស់យើង យើងបានទទួលកេរដំណែលដ៏មហាសាលពីបុព្វរស​យើង គឺមហាប្រាសាទសិលា រាប់ពាន់ជាឧទាហរណ៍ស្រាប់, តើយើងអ្នកជំនាន់នេះ នឹងបន្សល់ទុកនូវកេរដំណែល អ្វីសម្រាប់អ្នកជំនាន់ក្រោយ? នោះគឺអាស្រ័យលើការខិតខំរបស់យើងទាំងអស់គ្នាហើយនាពេលនេះ។ យើងត្រូវតែបង្កើតមោទនភាពនិងបន្សល់ទុកនូវកេដំណែលសម្រាប់កូនចៅយើងជំនាន់ក្រោយដូចដែលបុព្វបុរសយើងបន្សល់ទុកឱ្យយើងដូច្នោះដែរ។

​            ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាក៏ត្រូវតែយល់ឱ្យច្បាស់ ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសយើងជាប្រទេសតូច គួររៀបចំខ្លួនបែបណា?

យើងទាំងអស់គ្នា ជាជនជាតិខ្មែរ ត្រូវតែមានស្មារតី ភ្ញាក់រឭកខ្ពស់ កុំឱ្យរាំខុសចង្វាក់ កុំលោតខុសក្រឡា តាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើងធ្លាប់ ជាជនរងគ្រោះនិងធ្លាប់ទទួលរងសោកនាដកម្មរាប់មិនអស់ ដោយសារការរត់ប្រណាំង មនោគមវិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ និងការលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ។ គ្មានប្រទេសណាគេស្រឡាញ់ជាតិយើង ជាងយើងស្រឡាញ់ជាតិយើងនោះទេ។

បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាព ពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យ និងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅ ដោយ​ស្ងប់សុខ​ដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត។

ដើម្បីឱ្យជាតិយើងខ្លាំង យើងត្រូវតែធ្វើឱ្យធនធានមនុស្សយើងខ្លាំង, ច្បាប់យើងខ្លាំង,ប្រព័ន្ធនយោបាយយើងខ្លាំង, សេដ្ឋកិច្ចយើងខ្លាំង, ខឿនការពារជាតិយើងខ្លាំង, សាមគ្គីភាព ឯកភាព និងមោទនភាពជាតិយើងខ្លាំង, ការទូតយើងខ្លាំង, ប្រព័ន្ធយុត្តិធម៌សង្គមយើងខ្លាំង និងសន្តិភាពយើងរឹងមាំ, នោះ​ជាតិយើងនឹងខ្លាំង គឺខ្លាំងយូរអង្វែង មិនមែនខ្លាំងតែមួយពេលៗ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top