ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បញ្ជាក់ថា ការគ្រប់គ្រងតាំងទីលំនៅ និងរៀបចំសណ្តាប់ធ្នាប់ លំនៅដ្ឋាន ជាតួនាទីភារកិច្ច របស់អាជ្ញាធរដែនដី(Videos)

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំ សណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ច របស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឡើយ ។

ការចេញមកឆ្លើយតបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានទទួលមតិពី លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចោទសួរថា ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ ។

យោងតាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិ របស់លោកនាយក សារព័ត៌មានដើមអម្ពិល ជុំវិញការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍លើជន បរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់ តាមដងទន្លេ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានអះអាងថា «ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់ លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឡើយ ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ច ធ្វើជាសេនាធិការ ជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រង ជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ ចំពោះជនបរទេស ដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។

ប្រភពបន្តថា កន្លងមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ លោកនាយកសារព័ត៌មានដើមអម្ពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋាន ស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំង ទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់ ៕

To Top