ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ត ឲ្យវិនិយោគ ដាំឈើតាមបែប លក្ខណៈគ្រួសារ

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ត ឲ្យមានការវិនិយោគ ដាំដើមឈើគ្រប់រូបភាព ដូចជា ដាំបែបលក្ខណៈគ្រួសារ ដើម្បីបង្កើតការងារ នៅមូលដ្ឋាន ជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយ ការធ្វើចំណាកស្រុក ។

ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាពរបស់ស្ថានីយដាំ ឈើម្សៅក្រដាស ហ៊ុន សែន មានក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន ណែនាំរដ្ឋបាលព្រៃឈើ បន្តផ្សព្វផ្សាយ ជំរុញលើកទឹកចិត្ត និងសហការជាមួយគ្រប់ ដៃគូតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍» ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេស គោលនយោបាយដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់ ។

លោកបញ្ជាក់ថា «បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគដាំឈើ គ្រប់រូបភាព ដូចជា ការដាំបែបលក្ខណៈគ្រួសារ ការដាំដោយវិស័យ ឯកជន ដូចជាក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជន ដាំឈើ ដៃគូសហការជាមួយនឹងរដ្ឋ ដើម្បីបង្កើតការងារ នៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភព នៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផល ឈើពីចម្ការឈើដាំ ជំនួសប្រភពផ្គត់ផ្គង់ឈើ ចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព»។

នាឱកាសនោះ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធាន រដ្ឋបាលព្រៃឈើ បានឲ្យដឹងថា សម្រាប់ថ្ងៃអនាគតផែនការ របស់រដ្ឋបាលព្រៃឈើ គឺអភិវឌ្ឍតំបន់ស្ថានីយដាំ ឈើម្សៅក្រដាស ហ៊ុន សែន មានក ឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់តាមរយៈកា រប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន៥លានដើម ក្នុង១ឆ្នាំ ៕

To Top