ព័ត៌មានជាតិ

កម្ពុជា​ កំពុងគិតគូរ យុទ្ធសាស្ដ្រ ដឹកជញ្ជូនបៃតង ប្រើយានយន្ដដើរ ដោយថាមពលអគ្គិសនី

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាកំពុងគិតគូរ ពីគោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនបៃតង ដែលប្រើប្រាស់យានយន្តដើរ ដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយ ថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ សភាពាណិជ្ជកម្មអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Investment Management នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «កម្ពុជាកំពុងគិតគូរអំពីគោល នយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើន នៃសាកលភាវូបនីយកម្ម ជាពិសេស ការប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី ជំនួសវិញ ដើម្បីអាចកាត់ បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការ បំភាយឧស្ម័នផ្ទះកញ្ចក់ នៅពេលដែល យានយន្តអគ្គិសនី សាកភ្លើងដោយ ថាមពលកកើតឡើងវិញ» ។

ទាក់ទងនឹងការដឹកជញ្ជូន រដ្ឋមន្ដ្រីក្រសួងសាធារណការ លើកឡើងថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា សម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់ សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា កាត់ចំណាយក្រៅផ្លូវការ ក្នុងនោះរួមមាន ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ,ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខ ពិសេសផ្ទាល់ខ្លួន ,ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរ នៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ព្រមទាំង ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍អំពីផ្លូវខូចសំដៅថែទាំផ្លូវឲ្យបានយូរអង្វែង ។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយ ទៀត គឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឲ្យសមត្ថកិច្ច នគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយ ស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័ន ចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ ចរាចរណ៍ផ្លូវ គោក និងកម្មវិធីព័ត៌មានវិទ្យា ជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន ប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ផងដែរ។

លោករដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ថា ទោះបីជាមានការរាតត្បាត ពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិន ទាន់ឃើញ មានគម្រោងណាមួយត្រូវបានរងផល ប៉ះពាល់ដោយការរាតត្បាត ពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ ៕

To Top