ព័ត៌មានជាតិ

លោក សុខ​ ភា ដឹកនាំកិច្ចពិភាក្សា រៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និងប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រួច

ភ្នំពេញ ៖ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចពិភាក្សា រៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ នៅទីប្រជុំជន ក្នុងស្រុកភ្នំស្រួច ។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណ ចំពោះមេបញ្ជាការ និងកងកម្លាំង នៃវិទ្យាស្ថានកងទ័ពជើងគោកទាំងអស់ ក៏ដូចជាមេបញ្ជាការ និងកងកម្លាំងកងឯកភាព កងទ័ពទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួពេទ្យទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងដោយបុរេសកម្ម ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីត១៩ ជាពិសេសក្នុងដំណើរការចាក់វាក់សាំង ជូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ។

នេះជាការសរបញ្ជាក់អោយឃើញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាសេនាធិការ តែងតែនៅជិតប្រជាជន រួមគ្នាបម្រើ ប្រជាជន និងជាខ្នង បង្អែក ដ៏រឹងមាំតែមួយគត់ របស់ប្រជាជនកម្ពុជា ។ នេះយោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់លោកសុខភាផ្ទាល់ ៕

To Top