ព័ត៌មានជាតិ

លោក សុខ ទូច ៖ បើខ្មែរខ្វះត្រីទទួលទាន ដូចជាចម្លែកអស្ចារ្យណាស់ (Video)

ភ្នំពេញ៖ បន្ទាប់ពី បុគ្គលខាន់ សុវណ្ណ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេនោះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចោទសួរថាហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូបខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។


តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ មិថុនានេះ លោក សុខ ទូច បានលើកឡើងថា “បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត”។
ជាមួយគ្នានោះ លោក សុខ ទូចបានលើកពន្យល់បន្ថែមថាបើកម្ពុជាអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖


១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ


២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់

៣-ប្រហែលមកពីបឹងត្រូវបានលុប

៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់

៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន

៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណាយើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ៕

To Top