ព័ត៌មានជាតិ

លោក ថាច់ សេដ្ឋា បដិសេធមិនជាប់ពាក់ព័ន្ធនឹងការបង្កើតគណបក្ស បេះដូងជាតិកម្ពុជា

ភ្នំពេញ ៖ គណបក្សថ្មីមួយទៀតរៀបចំនឹងចេញពន្លឺជាបណ្តើរៗហើយ ក្រោយពីក្រសួងមហាផ្ទៃបានតំណាងបំពេញបែបបទឲ្យត្រឹមត្រូវតាមលក្ខន្តិកៈ។ គណបក្សនយោបាយថ្មីនេះ មានឈ្មោះថា “គណបក្សបេះដូងជាតិកម្ពុជា” ដែលកើតចេញមកពីសមាសភាពរបស់អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលស្និតនឹងលោក សម រង្ស៊ី ។

សមាសភាពថ្មីបក្សនេះត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស។

ប៉ុន្តែទោះបីជាមានប្រភពច្បាស់ការណ៍បញ្ជាក់ថា លោក ថាច់ សេដ្ឋា ជាអ្នកផ្តើមគំនិតក៏ដោយ ក៏លោកបានបដិសេធថា មិនបានដឹងរឿងបង្កើតបក្សថ្មីនេះទេ ។ លោកថា ខ្លួនក៏បានឃើញតែនៅតាមបណ្តាញសារព័ត៌មាននានាចុះផ្សាយដែរ តែលោកខ្លួនឯងផ្ទាល់មិនដឹងអ្វីសោះ។

លោក ថាច់ សេដ្ឋា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៧ មិថុនា ថា “ឃើញតែគេផ្សាយ ចឹងទៅសួរគេផ្សាយទៅ មកសួរអីខ្ញុំ បើខ្ញុំធ្វើ ខ្ញុំផ្សាយហើយ ទៅលាក់លៀមអីខ្ញុំ”។
ឆ្លើយតបទៅនឹងសំណួរថា តើក្រោយពីបានសិទ្ធិនយោបាយហើយ លោកអត់មានទៅចុះចូលជាមួយគណបក្សនយោបាយណា ឬបង្កើតខ្លួនឯងទេ? លោកថា មិនទាន់មានគម្រោងអ្វីទេ ព្រោះបច្ចុប្បន្នជាប់រវល់ជាមួយការងាររបស់សហគមន៍ខ្មែរកម្ពុជាក្រោម។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃ៩ មិថុនា បានឲ្យដឹងថា គណបក្សថ្មីនេះបានស្នើសុំចុះបញ្ជីផ្លូវការនៅក្រសួង កាលពីថ្ងៃ៣ មិថុនា ហើយថ្ងៃ៩ មិថុនា ក្រសួងបានឲ្យរៀបចំសញ្ញាសម្គាល់របស់បក្សស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ៕

To Top