ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពីទីភ្នាក់ងារស្វីស៨០ម៉ឺនដុល្លារ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងការប៉ះពាល់ ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ភ្នំពេញមានប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជំងឺកូវីដ-១៩ ប្រមាណ១០ម៉ឺនគ្រួសារដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈកម្ពុជាបាននិងកំពុងប្រឈមការរីករាលដាលជំងឺនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រទទួលបានថវិកាជំនួយគាំពារសង្គម ពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដទៀតទេ ។

លោកឃួង ស្រេង បន្តថា ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ ចំនួន៨០ម៉ឺនដុល្លារ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងកម្ពុជាបានទាន់ពេលវេលា៕

To Top