ព័ត៌មានជាតិ

វិភាគ ៖ វិបត្តិនយោបាយ នៅមីយ៉ានម៉ា ធ្លាក់ដុនដាប កាន់តែខ្លាំង ក្រោយអាស៊ាន សុំចិនឲ្យ ជួយដោះស្រាយ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនានេះថា វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បានធ្លាក់ដុនដាប់កាន់តែខ្លាំង ដោយក្រុមបាតុករ នៅតែបន្តចេញធ្វើបាតុកម្ម និងកងកម្លាំងយោធា របស់របបសឹក នៅតែបង្ក្រាប យ៉ាងចាស់ដៃ ។

ប្រភពដដែលបានបន្តថា ក្រុមបាតុករ ដែលត្រូវបានបំពាក់ ដោយកាំភ្លើងច្នៃ ដំថ្ម កាំបិត ដំបង ដែកទីប ចំពានកៅស៊ូ និងគ្រាប់បែកសាំងជាដើម បានបំបែកគ្នា ជាក្រុមតូចៗ នៅស្ទើរគ្រប់ទីកន្លែង ទូទាំងប្រទេស និងបានលបឆ្មក់វាយ ប្រហារ លើកងកម្លាំងយោធា ។

ចលនាប្រដាប់ អាវុធ របស់ក្រុមបាតុករ និងការបង្កចលាចល បានរុញច្រានប្រទេសនេះ អោយធ្លាក់ចូលទៅក្នុង វិបត្តិអសន្តិសុខ ដែលធ្វើអោយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃ និងភាពសុខសាន របស់ប្រជាពលរដ្ឋ ។

សម្រាប់ក្រុមជនជាតិ ភាគតិច មានជនជាតិ ភាគតិច ការ៉ែន និងកាជីន ជាដើម ក៏បានប៉ះទង្គិចគ្នា ដោយអាវុធ ជាញឹកញាប់ ជាមួយកងកម្លាំង យោធារបស់របបសឹកផងដែរ ដែលបណ្តាលអោយមាន ការបាត់បង់ជីវិត កងកម្លាំងយោធាទាំងសងខាង ។

កងកម្លាំងសន្តិសុខ របស់ក្រុមជនជាតិភាគតិច បានរួមសហការជាមួយក្រុមបាតុករគាំទ្រ រដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារ ផ្តួលរំលំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយទាមទារអោយមេដឹកនាំរបបសឹក ដោះលែងមេដឹកនាំ រដ្ឋាភិបាលស៊ីវិល ។
ចំណែកកងកម្លាំងយោធាវិញ ក៏នៅតែបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករ និងក្រុមជនជាតិ ភាគតិចផងដែរ ដោយវាយប្រហារ លើចលនាប្រដាប់អាវុធ និងតាមចាប់ខ្លួនមេដឹកនាំក្រុមបាតុករ ឬមេដឹកនាំជនជាតិភាគតិច ដែលចេញមុខប្រឆាំង របបសឹក ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនានេះ ចំនួនមនុស្សស្លាប់ ក្នុងវិបត្តិនយោបាយនៅ មីយ៉ានម៉ា បានកើនឡើងដល់៨០៧នាក់ហើយ និងមនុស្សរាប់ពាន់នាក់ បានរងរបួស ។

កាលពីរសៀលថ្ងៃពុធ ទី១៦ ខែមិថុនាដដែលនេះ កងកម្លាំងយោធា បានដុតបំផ្លាញភូមិមួយ នៅភាគកណ្តាល នៃប្រទេសនេះ ដោយចោទប្រកាន់ប្រជាពលរដ្ឋ នៅក្នុងភូមិនេះពីបទបង្កអសន្តិសុខ តាមរយៈការបង្កើត ចលនាប្រដាប់អាវុធ ។

ប្រជាពលរដ្ឋម្នាក់ បាននិយាយតាមសារព័ត៌មានឯករាជ និងបណ្ដាញសង្គមនានាថា សកម្មភាពដុតបំផ្លាញ ភូមិរបស់ប្រជាពលរដ្ឋ គឺជាចំណាត់ការក្តៅ របស់កងកម្លាំងយោធា ក្នុងការបង្ក្រាបចលនា តស៊ូប្រឆាំងនឹងយោធា ដែលកំពុងកាន់អំណាច ។

ការវាយប្រហារនេះ គឺជាឧទាហរណ៍ចុងក្រោយ នៃរបៀបដែលអំពើហិង្សា បានរាលដាល នៅក្នុងសហភាពមីយ៉ាន់ម៉ា ក្នុងប៉ុន្មានខែថ្មីៗនេះ នៅពេលដែលរបបយោធា ព្យាយាមបង្ក្រាបការ បះបោរនៅទូទាំងប្រទេស ។

រូបភាពនិងវីដេអូ នៃភាពហិនហោច ក្នុងភូមិ Kinma ក្នុងតំបន់ Magway ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធ បង្ហាញពីផ្នែកភាគច្រើន នៃភូមិមួយនេះ ត្រូវបានឆេះរាបដល់ដី និង សាកសពសត្វងាប់ក្នុងកសិដ្ឋាន ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធា របស់របបសឹកបានធ្វើរដ្ឋប្រហារ មានអន្តរាគមន៍ច្រើន ពីបរទេសដើម្បីបញ្ចប់វិបត្តិនេះ ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់សម្ពាធយ៉ាងខ្លាំង លើរបបសឹកមីយ៉ានម៉ា តាមរយៈការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មលើមន្ត្រី ជាន់ខ្ពស់ខាងយោធា រួមទាំងអង្គការសហប្រជាជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ អោយបញ្ចប់អំពើហិង្សាដែរ ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាស៊ាន និងមីយ៉ានម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ចំណុចរួមមាន

ទី១ អាស៊ាននឹងបង្កើត អោយមានប្រេសិតពិសេស ទទួលបន្ទុកកិច្ចការ នៅសហភាព យ៉ានម៉ា

ទី២ ប្រេសិតពិសេសអាស៊ាន នឹងជួបសន្ទនា ជាមួយភាគីជម្លោះនៅមីយ៉ាន ក្នុងការស្វែងរកដំណោះស្រាយ វិបត្តិនយោបាយ នៅនៅក្នុងប្រទេសនេះ ។

ទី៣ ភាគីជម្លោះនៅមីយ៉ានម៉ា ជាពិសេសភាគីខាងរបបសឹក ត្រូវបញ្ចប់អំពើ ហិង្សាទាំង ស្រុង ដែលជាឱកាសល្អ ក្នុងការបើកផ្លូវអោយក្រុម ប្រេសិតអាស៊ានចូលទៅកាន់ ប្រទេសនេះ ក្នុងគោលដៅសម្របសម្រួល អោយមាន កិច្ចសន្ទនារវាងភាគីជម្លោះ ដែលជាមធ្យោបាយ តែមួយគត់ ក្នុងការបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ ។

ទី៤ ប្រមុខដឹកនាំរបស់របបសឹក ត្រូវបើកផ្លូវអោយជំនួយអន្តរជាតិ ចូលទៅជួយប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ ខណៈដែលប្រជាពលរដ្ឋ ប្រមាណជាង៣លាន ៤សែននាក់ កំពុងជួបប្រទះគ្រោះអត់ឃ្លាន និងមិនមានអាហារ ទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ ដោយប្រជាពលរដ្ឋខ្លះ បានទទួលទានអាហារតែមួយពេល ក្នុងមួយថ្ងៃ ។

ទី៥ មេដឹកនាំរបស់របបសឹក និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារ ផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នឹងជួបចរចាគ្នា ដោយផ្ទាល់តាមរយៈការ សម្របសម្រួល ពីប្រេសិតពិសេសអាស៊ាន ឬប្រមុខដឹកនាំភាគីទាំងពីរ អាចជួបសន្ទនាដោយផ្ទាល់ ដើម្បីទម្លុះទម្លាយភាពទ័លច្រកខាងនយោបាយ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ សហភាពមីយ៉ានម៉ា នៅតែមានវិបត្តិនយោបាយ គឺដោយសារមេដឹកនាំ របបសឹក លោក មីន អ៊ុងលាំង មានបំណងដាក់ប្រទេសនេះ អោយស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងយោធា ដោយមិនមានរដ្ឋាភិបាលស៊ីវិល ។

មូលហេតុនេះហើយ បានជាកងកម្លាំងយោធាមីយ៉ានម៉ា មិនគោរពតាមកិច្ចព្រមព្រៀង កុងសង់ស៊ីសជាមួយអាស៊ាន ហើយកាលពីថ្ងៃចន្ទ ទី៧ ខែមិថុនានេះ រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិក អាស៊ាន (ASEAN) បានស្នើអោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយ ក្នុងវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយអស់រយៈពេលជាង៤ខែកន្លងមកហើយ ។

អាស៊ាន បានស្នើចិនអោយជួយដាក់សម្ពាធ លើមេដឹកនាំ របស់របបសឹកមីយ៉ានម៉ា អោយគោរពតាមកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ចំណុច (កិច្ចព្រមព្រៀងមូលមតិគ្នា) ក្នុងកិច្ចប្រជុំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ ។

សំណើរបស់អាស៊ាននេះ ក៏ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំ របស់របបសឹក មីយ៉ានម៉ា បានទទួលបរាជ័យទាំងស្រុង ក្នុងការអនុវត្តន៍ តាមកិច្ចព្រមព្រៀង កុងសង់ស៊ីស៥ ចំណុច ដែលបានចុះហត្ថលេខារួចហើយ ដោយភាគីមីយ៉ានម៉ា មិនបានអនុវត្តកិច្ចព្រមព្រៀង សូម្បី១ចំណុចទៅតាមអ្វីដែលខ្លួនបានសន្យា ៕
ដោយ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top