ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋ និងកម្មករ ទូទាំងស្រុកខ្សាច់កណ្តាល បានជាង២ម៉ឺននាក់ក្នុងរយ:ពេល៦ថ្ងៃ

កណ្ដាល ៖ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទូទាំងស្រុកខ្សាច់កណ្តាល ចំនួន៣៥,៤៥៩នាក់ ក្នុងនោះ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន ២៥,៦៧០នាក់ ស្មើនឹង ៧២%។

តាមរយៈហ្វេសប៊ុក របស់ រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ មិថុនា នេះថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋ និងកម្មករ ទូទាំងស្រុកខ្សាច់កណ្តាល នេះ ដោយមានការយកចិត្តទុកដាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមានការជំរុញបន្ថែមពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល។

រដ្ឋបាលស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានចាត់ចែងប្រើប្រាស់កម្លាំងគណៈបញ្ជាការឯកភាពស្រុកសរុប ធនធានសរុប និងបានចុះពិនិត្យបញ្ជាដោយផ្ទាល់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ ទូទាំងស្រុកខ្សាច់កណ្តាល។

ទន្ទឹមនឹងនេះ លោក ចាន់ តារា ប្រធាន ស.ស.យ.ក.ស្រុក និងជាអភិបាលរងស្រុក បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក និងឃុំ សហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងក្រុមគ្រូពេទ្យ ចុះជួយសម្របសម្រួលការងារបញ្ចូលឈ្មោះក្នុងប្រព័ន្ធ និងសម្របសម្រួលការងារជាច្រើនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ។

ក្នុងឱកាសនោះ លោក ប៊ុន ផេង អភិបាលស្រុក បានធ្វើការបែងចែក និងចាត់តាំងក្រុមការងារទទួលខុសត្រូវតាមបណ្តាឃុំ និងរោងចក្រក្នុងស្រុកខ្សាច់កណ្តាល។

ក្នុងនោះ លោក ចាន់ តារា ប្រធាន ស.ស.យ.ក.ស្រុក និងជាអភិបាលរងស្រុក បានប្រើប្រាស់សមាជិក ស.ស.យ.ក.ស្រុក ឃុំ ទាំងអស់ ចូលរួមយ៉ាងសកម្មបំផុត ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឲ្យប្រព្រឹត្តិទៅបានយ៉ាងរលូន ព្រមទាំង ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់យុវជនទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយចិត្ត តាមរយៈការគិតគូរពីសុខសុវត្ថិភាព ដោយបានណែនាំឲ្យចេះប្រុងប្រយ័ត្នការពារខ្លួន និងចុះឧបត្ថម្ភដោយផ្ទាល់នូវសម្ភារៈការពារដូចជាម៉ាស់ អាកុល ជែល អាហារសំរ៉ន និងភេសជ្ជៈផ្សេងៗ ជូនដល់ក្រុមការងារយុវជនតាមបណ្តាឃុំជាប់ជានិច្ច៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top