ព័ត៌មានជាតិ

កម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩មែន តែការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ មិនបានបញ្ឈប់ទេ(Videos)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ទោះបីកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្ដែការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា មិនបានបញ្ឈប់ទេ គ្រាន់តែយឺតយ៉ាវបន្តិចប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ (Stakeholder Consultation) ស្តីពីការរៀបចំផែនការមេស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនបានបញ្ឈប់ទេ ប៉ុន្តែគ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ពោលគឺគ្មានគម្រោងសាងសង់ណាមួយ ត្រូវបានអាក់ខាន ឬបញ្ឈប់ដោយសារជំងឺនេះទេ»។

លោករដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្តឲ្យអង្គប្រជុំផ្ដល់ធាតុចូលបន្ថែមទៀតឲ្យបានផុលផុសដើម្បី ច្របាច់បញ្ជូលនូវផែនការមេមុនកោះអញ្ជើញប្រជុំគណៈកម្មាធិកាជាតិភស្តុភារកម្មនៅសប្តាហ៍ក្រោយ និងរៀបចំស្នើសុំកម្មវិធីជួបពិភាក្សាជាមួយ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភាកម្មកម្ពុជា ដើម្បីពិនិត្យចុងក្រោយនិងត្រៀមដាក់ផែនការមេនេះ មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត លើផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។

រដ្ឋមន្ដ្រីបន្ដថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន ហើយសង្ឃឹមថា៖ ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារJICA និង ធនាគារពិភពលោក អង្គការUNDP ព្រមទាំងសហការីទាំងអស់ ដែលបានជួយជ្រោមជ្រែងរៀបចំ ឱ្យផែនការមេអន្តរកាលចេញជារូបរាងឡើង ដើម្បីត្រៀមច្របាច់បញ្ចូលគ្នា។

គួរកត់សម្គាល់ថា សេចក្តីព្រាងផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សា ជាតិភស្តុភារកម្ម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top