ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម ខុសច្បាប់ នៅកម្ពុជា ទៅវិញឲ្យបានឆាប់ (Videos)

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។

ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុង ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។

ទន្ទឹមនឹងនេះ លោកទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាល ជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលលោកទូតលើកឡើង នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។

ជាមួយគ្នានេះដែរ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ ៕

To Top