ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ស្នើចិនពន្លឿនបញ្ជូនជនល្មើសជនជាតិចិន ត្រឡប់ទៅវិញ ខណៈស្នាក់ការត្រៀមបណ្តេញចេញកំពុងចង្អៀតណែន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើភាគីចិនឲ្យពិចារណា ពីការសម្របសម្រួលក្នុងការពន្លឿនបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជាជនជាតិចិន ត្រឡប់ទៅប្រទេសចិន ។

ការស្នើរបស់អគ្គនាយកអន្តោប្រវេសន៍ ធ្វើឡើងបន្ទាប់ពីចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិនដែលត្រូវបានឃាត់ខ្លួន នៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួល អនុវត្តច្បាប់ចិន និងកម្ពុជា បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែល បានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។

នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមកនេះ លោកក៏បានស្នើឲ្យភាគីចិន ពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។

ទន្ទឹមនឹងនេះ អគ្គនាយកអន្តោប្រវេសន៍ ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ហើយនាយឧត្តមសេនីយ៍ ក៏បានស្នើភាគីចិនឲ្យពិចារណា អំពីការសម្របសម្រួលក្នុងការ ពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិន។

ឆ្លើយតបនឹងសំណើអគ្គនាយកអន្តោប្រវេសន៍ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណៈចិន បានទទួលយក និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងសន្តិសុខសាធារណៈចិន ដើម្បីជ្រាប និងពិចារណាអំពីដំណោះស្រាយ ដើម្បីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top