ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ការគ្រប់គ្រង និងញែកសំរាមត្រឹមត្រូវ នាំឲ្យសំណល់ សំរាមបោះចោលលើទីលាន នឹងមានបរិមាណតិចតួច

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការគ្រប់គ្រង និងញែក សំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឲ្យបានច្រើនអស់លទ្ធភាពនោះ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចប៉ុណ្ណោះ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងកម្មវិធីប្រគល់ និងទទួលទ្រុងសំណាញ់ ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកប ដោយគ្រោះថ្នាក់ ប្រសិនបើមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

លោកបញ្ជាក់ថា «ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាម ប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាព នឹងចូលរួមកាត់បន្ថយសំណល់សំរាម ដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។

លោកបន្ដថា បច្ចុប្បន្នបរិមាណសំរាមចន្លោះពី៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។ លោកថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភ គាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top