ព័ត៌មានជាតិ

លោក គិន ភា ៖ កូនខ្មែរកុំរវល់តែកាច់រាងមុខ TikTok នាំឲ្យខាតពេលវេលា ធ្វើកិច្ចការសំខាន់ៗជាងនេះ (Sound)

ភ្នំពេញ ៖ បណ្តាញប្រព័ន្ធសង្គមនានា នាពេលបច្ចុប្បន្ន កំពុងតែវាយលុកខ្លាំង នៅទូទាំងពិភពលោក ក៏ដូចជាកម្ពុជាទាំងមូល ជាពិសេសប្រព័ន្ធសង្គម តិកតុក (Tiktok) កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់ ជាពិសេសយុវវ័យ និងក្មេងៗ ក្រោម១០ឆ្នាំ ឈ្លកវង្វេងជាខ្លាំង ដោយខ្លះស្ទើរតែភ្លេច បាយទឹកក៏មាន ។

ដោយមើលឃើញករណីនេះ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យពលរដ្ឋដែលនិយមលេង TikTok កុំនាំគ្នារវល់តែកាច់រឹករាង​នៅមុខបណ្តាញសង្គមមួយនេះពេក ព្រោះកាលណាបើជក់ហើយ នឹងនាំឲ្យខាតពេលវេលា ធ្វើកិច្ចការសំខាន់ៗ ជាងនេះ ដែលជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាតិផងដែរ។ ប៉ុន្តែលោកថា បណ្តាញសង្គមមួយនេះ ក៏បានធ្វើឲ្យមានប្រយោជន៍ ផងដែរ បើចេះប្រើប្រាស់វា ។

លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា “សូមខិតខំឡើងបងប្អូនកូនខ្មែរយើងកុំរវល់តែកាច់រាងមុខ Tiktok បង្អួតដបស្រាក្នុងហ្វេសប៊ុក បង្ហោះម៉ូតូ បង្ហាញជីវិតហាយសូ ឬសម្ញែងសម្ភារៈ គឺមិនអាចជួយជាតិបានទេ”។

លោកថា មែនទែនទៅការបង្ហោះសារផ្ទាល់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក គឺជាការសម្តែងមតិហើយ តែបានត្រឹមតែដឹងតែខ្លួនឯង និងគ្នាឯង។ តើមានបរទេសឯណាគេ ទៅដឹងសាររបស់យើង? គេចាប់អារម្មណ៍នឹងសាររបស់យើង?

លោកបន្តថា “បើសិនជាយើងមិនចេះប្រើទេ យើងអត់ចេះគ្រប់គ្រងពេលវេលា ហាក់បីដូចជាយើងបានចំណាយពេលវេលាច្រើនទៅលើបណ្តាញសង្គម វាធ្វើឲ្យយើងខាតពេលវេលាធ្វើកិច្ចការសំខាន់ៗជាងហ្នឹង។ នេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ពីការប្រើប្រាស់របស់យុវជនមួយចំនួន ឥឡូវយើងឃើញមានច្រើនយុវជនយើងប្រើតិកតុក ឬហ្វេសប៊ុកលើសលុប” ។

លោកថា ជាក់ស្តែងក្នុងបរិបទរៀនអនឡាញជួនកាលពួកគាត់អត់ព្រមរៀនជាមួយគ្រូទេ តែអនឡាញមកលេង TikTok ឬហ្វេសប៊ុកជាដើម ដោយអួតគ្នាពីកន្លែងដើរ ឬការហូបចុក ឬអ្វីផ្សេងពីនេះទៀត ។

ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាឲ្យដឹងទៀតថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកពោរពេញដោយការឡប់ប៊ី អ្នកណាពូកែនិយាយ អ្នកនោះទទួលបានការគាំទ្រ ទទួលបានផលប្រយោជន៍ ទទួលបានការអាណិតអាសូរ។ ជួនកាល ចោរក៏អាចក្លាយជាជនរងគ្រោះដ៏គួរឲ្យអាណិតបានដែរ។ ដូច្នេះកូនខ្មែរកុំគិតតែឈឺចាប់ ដោយមិនគិតគូរពង្រឹងសមត្ថភាពខ្លួនឯង។ បើមិនខិតខំទាំងអស់គ្នាទេ នោះទៅមុខមិនរួចទេ។

លោកគិន ភា បានប្រៀបយុវជនខ្មែរទៅយុវជននៅបណ្តាប្រទេសផ្សេងទៀតថា យុវជនប្រទេសគេគឺប្រឹងមែនទែនក្នុងការបង្កើតសមត្ថភាព ដោយបានបញ្ច្រៀបខ្លួនឲ្យចូលទៅបម្រើការងារក្នុងស្ថាប័នជាតិធំៗដូច្នេះយុវជនខ្មែរត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដូចគេ ។

លោកថា “ពីនេះតទៅ យើងត្រូវតែខិតខំទ្វេឡើង បើគេដើរ យើងរត់ បើគេរត់ យើងរត់ឲ្យកាន់តែលឿន ទើបយើងអាចទៅមុខទាន់គេ។ គេមិនអាចដេកស្ងៀម រងចាំយើងដើរទៅទាន់គេ ហើយចាំបន្តដំណើរទៅទាំងអស់គ្នានោះទេ” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top