ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសថា មិនទាន់មាន ឧបករណ៍តេស្តរហ័សសម្រាប់រកអង់ទីគ័រ ស្របច្បាប់ នៅកម្ពុជា

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាគ្មាន ឧបរណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច ហើយ អង្គការសុខភាព ពិភពលោក (WHO) ឬក្រសួងសុខាភិបាលកម្ពុជា ក៏បានមិនណែនាំ ឲ្យប្រើប្រាស់ដែរ ។

ការលើកឡើង របស់លោកស្រី ឱ វណ្ណឌីន ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន បានផ្អើមនាំគ្នាទៅទិញ ឧបករណ៍តេស្ដរកអង់ទីគ័រ បន្ទាប់ពីពួកគាត់ បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច ។

លោកស្រី ឱន វណ្ណឌីន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ថា បច្ចុប្បន្នអត់មានឧបករណ៍ តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងរួចឡើយ ដូច្នេះសូមកុំយល់ច្រឡំ ។

លោកស្រីបញ្ជាក់ថា «ចឹងឧបករណ៍ដែលគាត់ប្រើប្រាស់ យើងអត់ទទួលស្គាល់ទេ ចឹងគាត់មិនអាចសន្និដ្ឋានថា គាត់មានអង់ទីគ័រ ឬគ្មានអង់ទីគ័រនោះទេ។ ក្រសួងសុខាភិបាល មិនទទួលស្គាល់តែម្ដង ការបកស្រាយថា មាន ឬមិនមាន ឬថា យកឧបករណ៍ណា យកមកប្រើប្រាស់ ។ ពីព្រោះយើងអត់ទាន់ មានឧបករណ៍ណាមួយ ដែលបានមកត្រួតពិនិត្យ ឬក៏ណែនាំឲ្យប្រើប្រាស់ គឺអត់ទាន់មានទេ»។

លោកស្រី ក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ដែលចាក់វ៉ាក់សាំងរួច កុំចាញ់បោកទៅទិញ ឧបករណ៍តេស្ដរកអង់ទីគ័រ ព្រោះគ្មានប្រសិទ្ធភាពឡើយ។ បើកន្លែងណាលក់ ឧបករណ៍តេស្ដរកអង់ទីគ័រ ពេលចាក់វ៉ាក់សាំងរួច ក្រសួងសុខាភិបាល នឹងចាក់វិធានការ តាមផ្លូវច្បាប់។

លោកស្រី ឱ វណ្ណឌីនស្រីបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនទាន់មានអនុញ្ញាតប្រើប្រាស់ឧបករណ៍មើលអង់ទីគ័រ ហើយមិនដឹងថា ឧបករណ៍ហ្នឹងយ៉ាងម៉េចដែរ?។ ចឹងខ្ញុំសូមអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោក ចេះតែទៅប្រើប្រាស់»។

អ្នកនាំពាក្យរូបនេះបន្តថា ជាទូទៅអង្គការសុខាភាពពិភពលោក មិនណែនាំឲ្យទៅពិនិត្យអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចដែរ។ លោកស្រីពន្យល់ថា មុនដាក់វ៉ាក់សាំង ឲ្យប្រើប្រាស់សុទ្ធតែធ្វើការវិភាគ និងស្រាវជ្រាវយ៉ាងត្រឹមត្រូវបំផុត ។ ទន្ទឹមនឹងនោះ អង្គការសុខភាពពិភពលោក ក៏មិនចេះតែទទួល ស្គាល់វ៉ាក់សាំងដែរ។

អ្នកនាំពាក្យក្រសួង ក៏បានអះអាងថា ឥឡូវនេះវ៉ាក់សាំងកំពុងប្រើប្រាស់នៅកម្ពុជា សុទ្ធតែជាវ៉ាក់សាំង ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក អង្គការសុខភាពពិភពលោក ទទួលស្គាល់និងសិក្សាយ៉ាងច្បាស់ថា វ៉ាក់សាំង ជាឧបករណ៍មួយ ដែលជួយជីវិតរបស់មនុស្ស ។

អ្នកនាំពាក្យបន្ដថា តើវ៉ាក់សាំងជួយរបៀបម៉េច? វាជួយបង្កើតកងការពារ នៅក្នុងខ្លួនមនុស្ស ដើម្បីវាយបកជាមួយវិរុសកូវីដ-១៩ នៅពេលវិរុសនោះ ឆ្លងចូលក្នុងសេរីរាងរបស់មនុស្ស ជាពិសេសនោះ ជួយទប់ទល់មិនឲ្យធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ ហើយកាត់បន្ថយអត្រាម រណភាពបានច្រើនផងដែរ ។ អ្នកនាំពាក្យបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងមិនមែន ការពារមិនឲ្យឆ្លងកូវីដ-១៩ ឡើយ គឺប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការពារខ្លួនជានិច្ច ដោយអនុវត្ត ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១,៥៨១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៥,៩៤០នាក់ និងស្លាប់ ចំនួន ៣៩៤នាក់។

យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ មិថុនា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,១៩៩,៦៤២នាក់ ខណៈសម្រាប់គោលដៅចាក់ ឲ្យបាន១០លាននាក់នោះ មកទល់ពេលនេះបានចំនួន៣២.០០%ហើយ ៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top