ព័ត៌មានជាតិ

លោក សយ សុភាព សរសើរអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដែលជំរុញឲ្យទូតវៀតណាម រៀបចំបញ្ជូន ជនអន្តោប្រវេសន៍ ខ្លួនទៅវិញ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលធ្លាប់បានចោទសួរ និងរិះគន់ជុំវិញបញ្ហាជនអន្តោប្រវេសន៍ វៀតណាម ដែលរស់នៅកម្ពុជា បានកោតសរសើរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការជំរុញឲ្យទូតវៀតណាម រៀបចំលិខិតបំពេញ បែបបទជនជាតិវៀតណាម ដែលខុសច្បាប់ ដើម្បីបញ្ជូនត្រឡប់ ទៅប្រទេសដើមវិញ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំសូមសម្តែងនូវការគោរព និងកោតសរសើរ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដែលបានប្រាប់អ្នកការទូតវៀតណាមឲ្យសហការ រៀបចំលិខិតបំពេញបែបបទ ជនជាតិវៀតណាម ដែលខុសច្បាប់ឲ្យលឿន ដើម្បីបញ្ជូនត្រឡប់ទៅវៀតណាមវិញ»។

លោក សយ សុភាព គូសបញ្ជាក់ថា «នេះជាពាក្យពេជន៍ប្រកបទៅដោយឧត្តមកត្តិជាតិខ្ពស់បំផុត ហើយក៏ជាពាក្យពេជន៍ដែលប្រជារាស្ត្រចង់ឮ និងស្តាប់រាប់សិបឆ្នាំមកហើយ។ នេះក៏អាចនិយាយបានថា ការវិវត្តន៍ នៃព័ត៌មានដ៏មហាសំខាន់នេះ ជាផ្នែកមួយនៃភូមិសាស្ត្រនយោបាយ របស់កម្ពុជាត្រូវទប់ទល់ សម្របសម្រួល ដើម្បីរក្សាអធិបតេយ្យកម្ពុជា នៅពេល អាមេរិក ចិន ប្រជែងគ្នា ហើយប្រទេសវៀតណាម ប្រើប្រាស់អាមេរិក និង ឥណ្ឌូប៉ាស៊ីហ្វិក បង្ទុចបង្អាក់ការកសាងប្រទេសកម្ពុជា ក្រោមទស្សនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន»។

លោកក៏បានរំលឹក និងរំលេចផងដែរថា បើគ្មាន «២៩ធ្នូ ឆ្នាំ១៩៩៨» នៃនយោបាយឈ្នះ-ឈ្នះ ទេ គ្មានទេការកសាងប្រទេស ការពារអធិបតេយ្យ និងរើបំរះពីការគាបសង្កត់ របស់សត្រូវ ដែលប៉ុនប៉ង លេបយើងរាប់រយឆ្នាំហើយ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី១៧ មិថុនា បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាង ណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់នៅកម្ពុជា ទៅ វៀតណាមវិញឲ្យបានឆាប់ ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់ចេញយុទ្ធនាការ ចុះរុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ បែចិញ្ចឹមយត្រី និងសំណង់មិនរៀបរយ នៅតាមដងទន្លេរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top