ព័ត៌មានជាតិ

សម្ដេចតេជោ លុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដោយសារជាប់ធ្វើចត្តាឡីស័ក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស នាពេលខាងមុខ ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងទី៣ កក្កដា ឆ្នាំ ២០២១ ក្រោយពីពាក់ព័ន្ធ​ ដោយប្រយោលជាមួយ អ្នកកើតជំងឺកូវីដ-១៩។

តាមរយៈហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដោយសារខ្ញុំបានពាក់ព័ន្ធ ដោយប្រយោលជាមួយ អ្នកកើតជំងឺងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំ ធ្វើតេស្តនិងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១»។

សម្ដេចតេជោបន្ដថា «ខ្ញុំសូមអភ័យទោស ដែលតម្រូវអោយខ្ញុំលុបចោល កម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេស សុំការយោគយល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស​ ដែលគ្រោងជួបគ្នា នៅម៉ោង៩:០០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះនៅ វិមានសន្តិភាព»។

សម្ដេចតេជោបន្ដថា ទោះត្រូវលុបចោល ការជួបទាំងខ្មែរទាំងបរទេស តែសម្ដេច នៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេស នេះមិនតម្រូវឲ្យមានមនុស្ស ចូលមកជិតសម្ដេចទេ៕

To Top
×