នយោបាយ

នាយករដ្ឋមន្រ្តី៖ ២០ មិថុនា ជាថ្ងៃដែល ខ្ញុំសម្រេចចិត្ត ដោយឈឺចាប់ យកជីវិត ធ្វើដើមទុនតស៊ូ​ រំដោះប្រជាជនកម្ពុជា ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១១នេះ គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែលសម្ដេច សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា “ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្ត ដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេច នូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញ ពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

ខ្ញុំអត់មានជម្រើស ឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការ អាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ”។
សម្ដេចតេជោ ហ៊ុន សែន បន្តថា “ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិ ដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញ នូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទង ជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្ត ដឹកនាំការតស៊ូ ដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?”។

សម្ដេចតេជោបន្ថែមថា “សំនួរបន្ទាប់តើមាន អ្នកស្នេហាជាតិណាផ្សេងទៀត បង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិ ជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេស ពីរបប ប៉ុល ពត កើតមានឡើង បានដោយរបៀបណា? តើមានដំណោះស្រាយ តាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ? សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយ ជាមួយសំនួរនេះដោយខ្លួនឯង បានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិ មេត្តាជួយរកចម្លើយ”៕

To Top
×