ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា-វៀតណាម និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត( ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២១)។

សូមបញ្ជាក់ថា កម្មវិធីនាពេលព្រឹកនេះ ប្រារព្ធធ្វើឡើងក្នុងស្រុកមេមត់ ខេត្តត្បួងឃ្មុំ។

សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយានិងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ មិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែល សម្ដេច សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោ បន្ដថា ទោះបីពេលនេះខ្លួន សម្ដេច និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែសម្ដេច មិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែល សម្ដេច ឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ សម្ដេច អត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ៕

To Top