ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៣ ដល់២៩ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ដល់២៩ មិថុនា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀង ធ្លាក់ពីតិចទៅច្រើន មាន ផ្គ រ រន្ទះនិង ខ្យល់កន្ត្រាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២២ មិថុនាស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៣ – ២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា
ក្នុងរយ:ពេលមួយសប្ដាហ៍ខាងមុខ ប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាប ប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC
នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគ ខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤°Cមាន សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤ -២៦ °C នឹងមានសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងបានបន្តថា ស្ថានភាពធាតុអាកាសបែបនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេស នៅតំបន់វាលទំនាបកណ្តាល ៕

To Top